Friday, August 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ យុវជន និងកីឡា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនមាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជន ទាំងអស់ជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖
ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ ២០២៥ ដំណើរការកំណែ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥

  • ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
  • ក្រសួងកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។ បេក្ខជន ត្រូវបានរៀបចំ ចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ ។ ក្រោយពីមានការផ្ទុះអាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡាបានប្រជុំពិនិត្យ និងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ព្រមទាំងបាន កំណត់គោលការណ៍មួយចំនួន សម្រាប់បេក្ខជនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ៖
១. បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នឹងចូលរួមប្រឡងនៅ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដូចនឹងបេក្ខជនរាជធានី ខេត្តដទៃទៀត។
២. បេក្ខជនភៀសសឹកចំនួន ៦នាក់ (បេក្ខជនខេត្តព្រះវិហារ ៤ នាក់ និងខេត្តឧត្តរមានជ័យ ២នាក់) ត្រូវបាន អនុញ្ញាតឱ្យប្តូរទីតាំង ទៅប្រឡងនៅរាជធានីភ្នំពេញ ២នាក់ បាត់ដំបង ១នាក់ ពោធិ៍សាត់ ២នាក់ និងកំពង់ស្ពឺ១នាក់។

៣. បេក្ខជនខេត្តព្រះវិហារ នឹងត្រូវរៀបចំឱ្យប្រឡងនៅតាមមណ្ឌលប្រឡងក្នុងខេត្តព្រះវិហារដដែល។ សាលារៀន ចំនួន ៤ នឹងត្រូវប្រើប្រាស់ជាមណ្ឌលប្រឡង រួមមាន៖ (១).សាលាគរុកោសល្យនិងវិក្រឹតការ ខេត្តព្រះវិហារ មាន ១២ បន្ទប់, (២).វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ ២៤ បន្ទប់, (៣).អនុវិទ្យាល័យ ហ៊ុនសែន ត្បែងមានជ័យ ២០ បន្ទប់ និង(៤).សាលាបឋមសិក្សា ត្បែងមានជ័យ ២១ បន្ទប់។
៤. ទីតាំងចំនួន ៦ កន្លែង ដែលស្ថិតក្នុងក្រុងព្រះវិហារ និងជិតមណ្ឌលប្រឡង ត្រូវបានយកធ្វើជាកន្លែងសម្រាប់ បេក្ខជនស្នាក់នៅ រួមមាន៖ (១).ផ្ទះសំណាក់គ្រូបង្រៀន (២).សាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ក្រុងព្រះវិហារ (៣).សាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត (៤).ស្នាក់ការ ស.ស.យ.ក. ខេត្ត (៥).សាលា គរុកោសល្យ និងវិក្រឹតការខេត្ត និង (៦).សាលាបឋមសិក្សាស្ថាពរ។
៥. បេក្ខជនខេត្តឧត្តរមានជ័យ នឹងត្រូវរៀបចំឱ្យប្រឡងនៅក្នុង ស្រុកពួក ខេត្តសៀមរាប។ សាលារៀនចំនួន ២ ក្នុងស្រុកពួក ខេត្តសៀមរាប នឹងត្រូវប្រើប្រាស់ជាទីតាំងប្រឡង រួមមាន៖ (១).សាលាបឋមសិក្សា ទៀបាញ់គំរូ មានចំនួន ១៣បន្ទប់, (២).វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក មានចំនួន ៦០ បន្ទប់ ចែកចេញជាពីរ មណ្ឌល(លិច និងកើត)។
៦. រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងសម្របសម្រួល និងរ៉ាប់រងការដឹកជញ្ជូនបេក្ខជនពីខេត្តឧត្តរមានជ័យ មកប្រឡង និងស្នាក់នៅក្នុងស្រុកពួក ខេត្តសៀមរាប។
៧. សាលាបឋមសិក្សាចំនួន ៤ (សាលាបឋមសិក្សានរោត្តមរណឬទ្ធិ សាលាបឋមសិក្សាចំបក់ហ សាលា បឋមសិក្សាតាទក និងសាលាបឋមសិក្សាពួក) នឹងត្រូវរៀបចំជាកន្លែងស្នាក់នៅសម្រាប់បេក្ខជន ដែលមិនមាន លទ្ធភាព។
វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន។

គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ៣១ ២០៣ នាក់ មកពីថ្នាក់ក្រសួង មានចំនួន ៤ ២៥៦ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ២៦ ៩៤៧ នាក់ ក្នុងនោះ៖ ដំណើរការសំណេរ មានចំនួន ១៩ ៩៤៧ នាក់ មកពីថ្នាក់ក្រសួង ចំនួន ៦៧៧ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ១៩ ២៧០ នាក់។ ដំណើរការកំណែ មានចំនួន ១០ ៥០០ នាក់ មកពីថ្នាក់ ក្រសួង ចំនួន ២ ៨២៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ៧៦៧៧ នាក់។ ដំណើរការស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ មានចំនួន ៧៥៦ នាក់ មកពីថ្នាក់ក្រសួងទាំងអស់។
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងត្រូវប្រព្រឹត្តទៅ ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះ គឺជាប់”។ ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានា ឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹង កិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័ន ចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ លើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្រសួងបានបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡង ចំនួន៣លើកគឺ លើកទី១៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ លើកទី២៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សម្រាប់រាជធានី ខេត្តចំនួន២៣ និងការបិទឈ្មោះឡើងវិញម្តងទៀត សម្រាប់បេក្ខជនខេត្ត ឧត្ដរមានជ័យ ដែលត្រូវប្រឡងនៅស្រុកពួក ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង និង លើកទី៣៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅតាមមណ្ឌលប្រឡងទាំង ២៤១ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពីឈ្មោះបេក្ខជន មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។ ក្រសួងក៏បានផ្សព្វផ្សាយបញ្ជីអក្ខរក្រមលើ គេហទំព័រផ្លូវការរបស់ក្រសួង ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីសម្រួលដល់បេក្ខជនងាយរកឈ្មោះ និងមណ្ឌល មុនពេលដែលបិទផ្សាយ បញ្ជីឈ្មោះបេក្ខជននៅតាមមណ្ឌលប្រឡង។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណី រកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជនទាំងអស់ជ្រាប និងសូមស្វែងរកព័ត៌មានថ្មីៗពាក់ព័ន្ធនឹងដំណើរការប្រឡងខាងលើ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា www.facebook.com/moeys.gov.kh តាមការគួរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×