ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តន៍ចុងក្រោយនៃជម្លោះ ព្រំដែនកម្ពុជា-ថៃដោយផ្តោតលើបញ្ហាទាក់ទងមីន។ អ្នកចូលរួមស្តាប់បទបង្ហាញនេះមានចំនួន ៧៨ រូប ដែលជាប្រមុខ និងតំណាងបេសកកម្មការទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែន រដ្ឋាភិបាលអន្តរជាតិដែលធ្វើការងារពាក់ព័ន្ធនឹងសកម្មភាពមីននៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពជារួមអំពីស្ថានការណ៍ និងបានសង្កត់ធ្ងន់ លើការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរក្សាបទឈប់បាញ់ ដែលបានព្រមព្រៀងរវាងកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Putrajaya និង លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមបានរំលឹកពីផលប៉ះពាល់ដ៏ ធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធថ្មីៗនេះ និងបានរៀបរាប់អំពីការបន្តសកម្មភាពទន្ទ្រាននៅតំបន់ព្រំដែន ដែលកំពុងបង្កហានិភ័យដល់បទឈប់បាញ់ដ៏ផុយស្រួយ ខណៈទាហានកម្ពុជា១៨នាក់ ដែលត្រូវ បានចាប់ខ្លួនដោយខុសច្បាប់នៅមិនទាន់ត្រូវបានដោះលែង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍ បណ្តោះអាសន្ន (IOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងការធានាការគោរពបទឈប់បាញ់ បើទោះបី | អាណត្តិការងារមានកម្រិតមិនទូលាយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើ តម្រូវការបន្ទាន់ដើម្បីពន្លឿនប្រតិបត្តិការនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនៃបទឈប់បាញ់។
ស្តីពីការធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគីជាមួយប្រទេសថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា ភាគីទាំងពីរគួរតែរិះរកវិធានការជាក់ស្ដែង ដូចជាចាប់ផ្តើមពីកិច្ចពិភាក្សាស្តីពីការ បើកច្រកព្រំដែនឡើងវិញ និងការសម្រួលដល់រំហូរប្រជាជន និងទំនិញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី “បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក រវាងប្រទេសទាំងពីរនៅក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការរត់ពន្ធគ្រឿងញៀន និងការរត់ពន្ធអាវុធខុសច្បាប់ ការជួញ ដូរមនុស្ស ការរត់ពន្ធវត្ថុបុរាណឆ្លងដែន បទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត និងការបោកប្រាស់តាម អ៊ីនធឺណិត។
ជុំវិញបញ្ហាមីន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ នាពេលថ្មីៗនេះថាកម្ពុជាបានដាក់មីនថ្មី និងបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ កម្ពុជាចំពោះអនុសញ្ញាអូតាវ៉ា ចាប់តាំងពីបានក្លាយជារដ្ឋភាគីក្នុងឆ្នាំ ២០០០។ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រីបានរំលេចអំពីសមិទ្ធិផលដ៏ធំធេងរបស់ប្រទេសក្នុងការដោះមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ ១៩៩២ ដោយបានបោសសំអាតមីនលើផ្ទៃដីជាង ៣៥០០ គីឡូម៉ែត្រក្រឡា និងបានបំផ្លាញយុទ្ធភណ្ឌ បំផ្ទុះជាង ៤ លានគ្រាប់ ក្នុងនោះរួមមានគ្រាប់មីនប្រឆាំងមនុស្ស ១,២ លានគ្រាប់ ដែលបន្សល់ទុក ពីសង្គ្រាមស៊ីវិលកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និងឆ្នាំ ១៩៨០។
ទោះបីសម្រេចបានសមិទ្ធិផលដ៏ច្រើនហើយ ឯកឧត្ដម ប្រាក់ សុខុន បានទទួលស្គាល់ថា កម្ពុជានៅតែជាប្រទេសងាយរងគ្រោះដោយការគំរាមកំហែងពីគ្រាប់មីន ជាពិសេសតំបន់ជាប់ព្រំដែន កម្ពុជា-ថៃ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសមួយដែលមានរបួសយ៉ាងជ្រៅដោយសារ ជម្លោះប្រដាប់អាវុធរាប់ទសវត្សរ៍ និងស្ថិតក្នុងស្ថានភាពធនធានមានកម្រិត កម្ពុជាត្រូវតែផ្តល់អាទិភាព ដល់ការបោសសម្អាតមីននៅតំបន់ដែលប្រឈមគ្រោះថ្នាក់ខ្ពស់បំផុត សម្រាប់សុវត្ថិភាពសហគមន៍និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ កិច្ចប្រឹងប្រែងបោសសម្អាតមីនគឺត្រូវបានផ្ដោតទៅលើតំបន់ដែល គ្រាប់មីនបង្កគ្រោះថ្នាក់ដល់អាយុជីវិត រារាំងដល់ការចិញ្ចឹមជីវិត និងជាឧបស័គ្គដល់លទ្ធភាព អាស្រ័យផលធនធានចាំបាច់។
ជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចគោលដៅជាប្រទេស ដែលគ្មានផលប៉ះពាល់ពីគ្រាប់មីននៅឆ្នាំ២០៣០ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ប្រទេសកម្ពុជានិងថៃគួរតែធ្វើការរួមគ្នា ដើម្បីកំណត់តំបន់ព្រំដែនជាអាទិភាព សម្រាប់ការបោស សម្អាតមីនមនុស្សធម៌ ជាពិសេសនៅតំបន់ដែលការបោសសម្អាតមីន បម្រើប្រយោជន៍ផ្ទាល់ដល់ តម្រូវការសេដ្ឋកិច្ចសង្គម និងការការពារអាយុជីវិតប្រជាពលរដ្ឋទាំងសងខាង។ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រីក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាកររបស់កម្ពុជា ក្នុងការដោះស្រាយទំនាស់ព្រំដែន ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី



