Saturday, August 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការបរទេស៖ តាមរយៈការចុះសង្កេតការណ៍មានការប្រតិកម្មពីបណ្តាមិត្តបរទេស ចំពោះសកម្មភាពជាច្រើនបាន អនុវត្តន៍ដោយភាគីថៃជាការបំពានលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា

ភ្នំពេញ ៖ ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ដើម្បីធានានូវតម្លាភាពនៃបទឈប់បាញ់ក្រសួងការបទេសកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចសង្កេតការណ៍ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះមានចំនួន៤ដងហើយ ដោយបានអញ្ជើញឯកអគ្គរាជទូត រដ្ឋទូត និងតំណាងភ្នាក់ងារអង្គការសហ ប្រជាជាតិប្រចាំតំបន់ និងតំណាងអង្គការអន្តរជាតិនានាចុះទៅពិនិត្យស្ថានការណ៍ ជាក់ស្តែងនៅតាមមូលដ្ឋាននៃតំបន់ព្រំដែនកម្ពុជា-ថៃដែលរងផលប៉ះពាល់។

ឯកឧត្តម នង សាកល បានគូសបញ្ជាក់បន្ថែមថា តាមរយៈការចុះសង្កេតការណ៍មានការប្រតិកម្មពីបណ្តាមិត្តបរទេស ដោយការអនុវត្តការចុះសង្កេតការណ៍ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ មានការប្រែប្រួលច្រើន ពោលគឺបានឃើញសកម្មភាពជាច្រើនបានអនុវត្តន៍ដោយភាគីម្ខាងទៀតជាការបំពានលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាក្នុងនោះរួមមានសកម្មភាពរាយបន្លាលួស រាយសំណាញ់ខ្មៅ រៀបចំដាក់កង់ឡាន បាញ់ជំពានកៅស៊ូ បង្ហោះដ្រូនចូលដីកម្ពុជា ជីកលេនដ្ឋាន និងធ្វើជម្រកកងទ័ព ការចល័តកម្លាំងទ័ព សកម្មភាពបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងការរុះរើផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា រួមទាំងការបន្តឃុំខ្លួនកងទ័ពកម្ពុជាចំនួន ១៨នាក់ក្រោយបទឈប់បាញ់មួយថ្ងៃចូលជាធរមានរហូតមកដល់សព្វថ្ងៃ។

ឯកឧត្តម នង សាកល បានមានប្រសាសន៍បន្ថែមថា ចំណាប់អារម្មណ៍របស់បណ្តាអង្គទូត មិត្តបរទេសដែលបានចុះពិនិត្យសង្កេតការណ៍ជាលើកទី៤នៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៥ បានកត់សម្គាល់ឃើញថា មានការខុសគ្នាយ៉ាងច្បាស់ និងបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពរបស់កងទ័ពថៃបានយកបន្លាលួសហ៊ុព័ទ្ធផ្ទះសម្បែងប្រជាជនកម្ពុជាជាដើម។ លើសពីនេះ បណ្តាអង្គទូត និងក្រុមអ្នកសង្កេតការណ៍បានអំពាវនាវអោយភាគីទាំងពីរធ្វើការអត់ធ្មត់ ធ្វើការសន្ទានាស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិដើម្បីធ្វើឱ្យស្ថានការណ៍បានវិលត្រឡប់ទៅប្រក្រតីភាពវិញ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×