ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ជុំវិញបញ្ហាព្រំដែនភាគីម្ខាងទៀតបង្កើតព័ត៌មានក្លែងក្លាយ ការបំភ្លៃ បំផ្លើស ផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយចោទប្រកាន់មកប្រទេសកម្ពុជាជាញឹកញយដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា បានរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដល់ដៃប្រជាពលរដ្ឋ បានយ៉ាងលឿន ឆាប់រហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលភាគីម្ខាងទៀតបានបំភ្លៃ បំផ្លើស ញុះញង់ប្រជាពលរដ្ឋឱ្យមានការស្លន់ស្លោរ ក្នុងចេតនាបំបាក់ទឹកចិត្ត និងបំបាត់ជំនឿទុកចិត្តរស់ពលរដ្ឋមកលរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្ដីបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំកិច្ចប្រជុំណែនាំ និងការតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់កម្ពុជា គឺបានរួមសហការគ្នាជាធ្លុងមួយផ្សព្វផ្សាយព័ត៌មានជូនទៅដល់បងប្អូនប្រជាពលរដ្ឋពីបញ្ហាព្រំដែន បានគ្រប់ជ្រុងជ្រោយ។ បើទោះបីថៃ បានព្យាយាមបង្កើតព័ត៌មានបំភ្លៃ បំផ្លើសយ៉ាងក៏ដោយ ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋរបស់យើងនៅនឹងនរក្នុងចិត្ត ដោយសារតែគាត់ទទួលបានព័ត៌មានពិត និងត្រឹមត្រូវពីរដ្ឋាភិបាល និងបណ្តាញផ្សព្វផ្សាយរបស់កម្ពុជា។ ឯកឧត្តម រដ្ឋមន្រ្ដីបានកោតសរសើរដល់ប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងប្រពៃណី ព្រមទាំងអ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់ បានរួមផ្សព្វផ្សាយយ៉ាងសកម្ម ដើម្បីបញ្ជូនព័ត៌មានពិតពីបញ្ហាព្រដែន ដែលចេញផ្សាយពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ដៃពលរដ្ឋបានយ៉ាងលឿនរហ័ស និងទុកចិត្ត។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា ប្រភពព័ត៌មានដែលបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តពឹងផ្អែកលើប្រភពផ្លូវការ រួមមាន រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ, ក្រសួងព័ត៌មាន, ផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈ Facebook និង Telegram របស់សម្តេចទាំងទ្វេ ដែលបានផ្តល់នូវព័ត៌មានពិត និងត្រឹមត្រូវជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងព័ត៌មានអំពាវនាវឱ្យសារព័ត៌មានផ្សព្វផ្សាយដោយផ្អែកលើការពិត ដើម្បីការពារសន្តិសុខ និងការជឿទុកចិត្តសាធារណជន៕រក្សាសិទ្ធដោយ៖សុទ្ធលី



