ភ្នំពេញ ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ក្រុមលេខាធិការដ្ឋាន(RBC)បានជួបប្រជុំពិភាក្សាគ្នាលើការផ្លាស់ប្តូរកំណត់ហេតុនិងរៀបចំទីតាំងសម្រាប់កិច្ចប្រជុំ(RBC)រវាងយោធភូមិភាគទី៤កម្ពុជានិងយោធភូមិភាគទី២ថៃនៅថ្ងៃទី២៦-២៧ ខែសីហាខាងមុខ។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៧នាទីម្សិលមិញនេះ នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការដ្ឋានរបស់យោធភូមិភាគទី៤កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការដ្ឋានយោធភូមិភាគទី២ ថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។
ភាគីទាំងពីរបានពិភាក្សាលើការផ្លាស់ប្តូរកំណត់ហេតុទៅវិញទៅមក និងត្រួតពិនិត្យការប្រុងប្រៀបរៀបចំទីតាំងសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នេះ និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





