ភ្នំពេញ ៖ នៅក្នុងតំបន់មួយនាភូមិប៉ប្រ៉កខាងជើង ក្នុងតាមផ្លូវបេតុង សំរាមបានគដូចភ្នំ នៅតាមមុខផ្ទះប្រជាពលរដ្ឋ មិនឃើញមានក្រុមរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ទៅប្រមូលសំរាមចេញពីមុខផ្ទះប្រជាពលរដ្ឋនោះទេ ។
ករណីសំរាមនេះនៅតែជាប្រធានបទក្តៅនៅឡើយ មិនថា ផ្លូវតូច ឬផ្លូវធំទេ រយៈពេលចុងក្រោយនេះ សំរាម ហាក់ដូចជា បានក្លាយជាវិបត្តិឡើងវិញ។
កន្លែងខ្លះ មួយអាទិត្យ ក្រុមហ៊ុនស៊ិនទ្រី ទៅយកសំរាមតែម្តង ឬពីរដងប៉ុណ្ណោះ ប៉ុន្តែស៊ិនទ្រី យកលុយរាល់ខែ តាមរយៈវិក្កយបត្រ រួមជាមួយវិក្កយបត្រភ្លើង។
ករណីសំរាមនៅគរទុកចោលពេញមុខផ្ទះនេះ ប្រជាពលរដ្ឋម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ក្នុងរយៈពេលចុងក្រោយនេះ ប្រមាណជាកន្លះខែមកហើយ មិនដែលឃើញរថយន្តស៊ីនទ្រី មកប្រមូលសំរាមនោះទេ បានធ្វើឲ្យសំរាមឡើងស្អុយរលួយ កកើតជាដង្កូវវារពេញមុខផ្ទះ ។ ប្រជាពលរដ្ឋ បានបន្តថា បើក្រុមមិនមកប្រមូលសំរាមបែបនេះ តើឲ្យប្រជាពលរដ្ឋ យកសំរាមទៅបោះចោលនៅកន្លែងណា បើគ្មានកន្លែងផង មានតែប្រជាពលរដ្ឋជិះយកសំរាម ទៅបោះចោលដោយខ្លួនឯង នៅទីលានចាក់សំរាម នៅខណ្ឌដង្កោហើយមើលទៅ។
ប្រភពដដែលបានបន្តថា បើសិនជាក្រុមហ៊ុនស៊ីនទ្រី គ្មានសមត្ថភាពមកប្រមូលសំរាមនោះទេ ដាក់ពាក្យសុំឈប់ទៅ ទុកឲ្យក្រុមហ៊ុនផ្សេង ដែលមានសមត្ថភាពមកធ្វើម្តង។
ប្រជាពលរដ្ឋ បាននិយាយថា ហេតុផល ដែលនាំឲ្យ កើតមាន គំនរសំរាម រាយប៉ាយបែបនេះ គឺប្រជាពលរដ្ឋយកសំរាមទៅទុកដាក់នៅខាងមុខផ្ទះ លើចិញ្ចើមផ្លូវ ដើម្បីសម្រាប់ទុកស៊ីនទ្រី មកប្រមូលយកទៅចាក់ចោល ប៉ុន្តែស៊ីនទ្រីអត់មកយក ចេះតែធ្វើឲ្យសំរាមគកាន់តែច្រើនឡើងៗ ដែលជះក្លិនស្អុយ ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវ ។ ក្រុមហ៊ុនស៊ិនទ្រី ដែលម៉ៅការខាងប្រមូលសំរាម មិនយកសំរាមទៀងទាត់។
ដូច្នេះដើម្បីដោះស្រាយវិបត្តិសំរាម ក្រុមហ៊ុនស៊ិនទ្រី ត្រូវចាត់កំលាំង ទៅប្រមូលសំរាម តាមផ្ទះប្រជាពលរដ្ឋឲ្យទៀងទាត់ មួយថ្ងៃម្តង ឬពីថ្ងៃម្តង ជាប្រចាំ។
ប្រជាពលរដ្ឋបានស្នើដល់ អាជ្ញាធរសមត្ថកិច្ច ត្រូវតែដាក់វិធាន រឹតបន្តឹងដល់ក្រុមហ៊ុនស៊ីនទ្រី ត្រូវតែដាក់កម្លាំង ចុះប្រមូលសំរាមឲ្យទៀងទាត់។ បើសិនជាស៊ិនទ្រី មិនមានលទ្ធភាពប្រមូលសំរាមឲ្យទៀងទាត់ទេ អាជ្ញាធរភូមិឃុំសង្កាត់ ត្រូវចាត់កម្លាំងរបស់ខ្លួន ដើម្បីប្រមូលសំរាម ហើយយកលុយថ្លៃសេវា ជំនួសស៊ីនទ្រីតែម្តង៕ ដោយ ៖ បញ្ញាស័ក្តិ