ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់រៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។ ទន្ទឹមនឹងនេះ ក.ប.ទ. ក៏សូមអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ក្នុងគោលដៅមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ បានដាក់ចេញនូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដែលមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមកសាងរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល រួមមាន ផ្នែកសន្តិសុខសាយប័រ (Cybersecurity) ផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង ផ្នែកក្លោដ (Cloud) ជាដើម។
ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលចាប់យកជំនាញឌីជីថល ក.ប.ទ. នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញឌីជីថលចំនួន ៥០០កន្លែង ក្រោម អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងកម្ចីសិក្សាលើជំនាញឌីជីថលដោយមិនគិតការប្រាក់ ក្រោម កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ផ្តល់ជូនក្នុងចំនួនច្រើនកន្លែង) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាកលវិទ្យាល័យដៃគូទាំង ៦ រួមមាន៖
- បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង
- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង
- សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង
- សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង និង
- សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ចំនួន ២០០ កន្លែង។
ជាថ្មីម្តងទៀត ក.ប.ទ. សូមជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រលង ហើយក្រសួងសង្ឃឹមថា សិស្សានុសិស្សទាំងអស់នឹងចូលរួមអភិវឌ្ឍកម្ពុជា តាមរយៈការធ្វើទំនើបកម្ម និងចាប់យកជំនាញឌីជីថល សំដៅរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងភាពធន់៕រក្សាសិទ្ធដោយ៖សុទ្ធលី



