Tuesday, August 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ចោទសួរថា តើក្រសួងការពារជាតិ លាក់ព័ត៌មានត្រង់ណា? ខណៈអ្នកនាំពាក្យក្រសួង មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ ២ដង ដើម្បីសរុបហេតុការណ៍ព្រំដែន

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចោទសួរថា តើក្រសួងការពារជាតិ លាក់ព័ត៌មានត្រង់ណា? ខណៈអ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានប្រាប់សាធារជនពិចារណាយថា អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បន្ដថា ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម «ក្រសួងការពារជាតិ បានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន សាធារណជន «មិនដឹងត្រូវជឿខាងណា?» ។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងការពារជាតិ បន្ថែមថា ក្រសួងការពារជាតិ ផ្សាយពីសភាពការណ៍ ពីម៉ោង១២:០០យប់ ដល់ម៉ោង០៦នាទីព្រឹក មានស្ថានភាពស្ងប់ស្ងាត់។ ជាក់ស្តែងការប៉ះទង្គិច រវាងប្រជាជន និងយោធាថៃ ពាក់ព័ន្ធនឹងរឿងបន្លាលួស នៅវេលាម៉ោង០២:២០នាទីរសៀល ជាមួយគ្នានោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ឈរជើងចូលរួមដោះស្រាយ។ ថ្ងៃដដែលគ្នានោះ ផេកក្រសួងការពារជាតិ ក៏បានចេញផ្សាយភ្លាមចំនួចពីរដង ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បន្ថែមទៀតថា តើក្រសួងការពារជាតិលាក់ព័ត៌មានត្រង់ណា? បើសិនថតរូបភាព និងវិឌីអូកន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូនប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន ។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងការពារជាតិបញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឳ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង។ តើបងប្អូនមានបានកត់សម្គាល់ដែរឬទេ? ថាកងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឳ្យមានប្រសិទ្ធិភាព។ សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញRBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ចប្រជុំGBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩-១០ ខែកញ្ញាខាងមុខនេះទៀត ។

សូមបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×