ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងដូច្នេះថា ៖
១. នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជូន ការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយ កងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅ។
២. ក្នុងខ្លឹមសារនៃសេចក្តីតវ៉ានេះបានលើកឡើងនូវកង្វល់យ៉ាងខ្លាំងដូចខាងក្រោម៖
ក) នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤:២០នាទី យោធាថៃនៅតែបន្តសកម្មភាព ដាក់លួសបន្លាបន្ថែមទៀតលើទីតាំងថ្មីចំនួន២ នៅនិយាមការ WGS84-1522936, 251488 និង WGS84-1522981, 251488 ស្ថិតនៅចម្ងាយប្រមាណ ១០០ ម៉ែត្រ និង ៨០ម៉ែត ពីទីតាំងដែលយោធាថៃបានដាក់លួសបន្លា សំណាញ់របាំង និងកង់រថយន្ត កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ ត្រង់ចន្លោះបង្គោលព្រំដែនលេខ ៤៦-៤៧ ក្នុងមូលដ្ឋានភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ខ) សកម្មភាពបន្តទន្ទ្រានកាន់កាប់ជាឯកតោភាគីដោយកម្លាំងយោធា តាមវិធីដាក់លួសបន្ល នៅផ្នែកព្រំដែនដែលបានរៀបរាប់ខាងលើ កំពុងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ក៏ដូចជាការ ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្ន ពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនភូមិភាគ (RBC) កម្ពុជា-ថៃ ពិសេសត្រង់ចំណុច៖
«ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹង រួមទាំងសកម្មភាពយោធា ចូលទៅក្នុងលំហអាកាស និងទឹកដី ឬទីតាំង របស់ភាគីម្ខាង ទៀត គិតចាប់ពីពេលឈប់បាញ់ចូលជាធរមាននៅម៉ោង ២៤:០០(ម៉ោងក្នុងតំបន់) នៅ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។»
«ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនពង្រីកវិសាលភាព និងទំហំនៃជម្លោះ រួមមានទាំងសកម្មភាពបង្កហេតុ ដែលអាចធ្វើឱ្យភាពតានតឹងកើនឡើង។»
គ) ម្យ៉ាងវិញទៀតការប៉ុនប៉ងរបស់ភាគីណាមួយក្នុងការធ្វើខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រើប្រាស់មធ្យោបាយយោធា គឺផ្ទុយនឹងស្មារតីនៃអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០។
ការប៉ុនប៉ងបែបនេះមិនត្រឹមតែរំលោភលើអាណត្តិការងាររបស់គណៈកម្មការចម្រុះ
ខណ្ឌសីមាព្រំដែនគោក(JBC)ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ទៅដល់កិច្ចប្រឹងប្រែង និងដំណើរការចរចារបស់ JBC នៃភាគីទាំងពីរផងដែរ។ ដោយឡែក សកម្មភាពបែបនេះគឺជា ការបំពានលើគោលការណ៍ និងគោលបំណង ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។ ៣. រាជរដ្ឋាភិបាលកម្ពុជាសូមជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងយោធាថ រក្សានូវស្ថានភាពមិនផ្លាស់ប្ដូរ ដូចដែលមាននៅពេលបទឈប់បាញ់បានចូលជាធរមានចាប់ពីម៉ោង ២៤:០០ ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០២៥ ចាត់វិធានការសមស្របដើម្បីទប់ស្កាត់កុំឱ្យមានការរំលោភបំពានស្រដៀងគ្នានេះ
បន្ថែមទៀត ដោះស្រាយទំនាស់ព្រំដែនខាងលើតាមរយៈយន្តការ GBC និង JBC ព្រមទាំងគោរព យ៉ាងពេញលេញ និងដោយគ្មានលក្ខខណ្ឌចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិ ទាំងអស់ ដែលរួមមានអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ បទឈប់បាញ់ដែលបានព្រម ព្រៀងគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការពំ ដែនទូទៅ នៅថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំ ដែនភូមិភាគ រវាងកម្ពុជា និងថៃ។
៤. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមរំលឹកឡើងវិញនូវការប្ដេជ្ញាចិត្តឥតប្រែប្រួល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយស្មារតីមិត្តភាព ចំពោះជម្លោះ ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយបន្តរក្សាការ ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួន ព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើកម្លាំងនោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី















