ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនជ្រាបពីគណនីផ្លូវការ និងគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
ក្រសួងការពារជាតិ សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិងសូមកុំបង្កើតគណនីហ្វេសប៊ុកដោយប្រើប្រាស់ឈ្មោះ និងរូបថត ដូចគណនីផ្លូវការ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារណជន(ទទួលព័ត៌មានមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់)។
ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ។
តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២៧ខែសីហានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងយ៉ាងដូច្នេះថា ” កូនពៅខ្ញុំចូលចិត្តធុងបាសមែន តែខ្ញុំមិនមានពេលដល់ទៅ ៣ម៉ោង ឈរតម្រង់ជួរទិញធុងបាសនោះទេ ។ បើសិនជាការបន្លំគណនី (យករូប និងឈ្មោះខ្ញុំដាក់ក្នុងProfile) ធ្វើឱ្យ ក្រុមហ៊ុន JBL លក់បានច្រើន ខ្ញុំសូមសាទរ ប៉ុន្តែបើបែរជាទៅប្រើក្នុងគោលបំណងបំភ្លៃព័ត៌មាន ឬមួយក្នុងគោលបំណងទុច្ចរិត ធ្វើឲ្យប៉ះពាល់ដល់សាធារណជន ខ្ញុំសុំឱ្យបញ្ឈប់សកម្មភាពភ្លាម។ សមត្ថកិច្ចកំពុងតែធ្វើការងារស្រាវជ្រាវ រកអត្តសញ្ញាណហើយ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

