ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានសរសេរលិខិតបំភ្លឺចំពោះប្រធានអនុសញ្ញាអូតាវ៉ា ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ថៃជុំវិញការចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។ ខណៈដែលអង្គការដោះមីនអន្តរជាតិដូចជា APOPO និង HALO TRUST ក៏បានអះអាងពីគ្រាប់មីនទាំងនោះថា ជាមីនចាស់ដែលសល់តាំងពីអតីតកាល ពុំមែនជាមីនថ្មីឡើយ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ក្នុងសន្នីសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៦ ខែសីហា ម្សិលមិញថា ក្រោយពីថៃបានចោទប្រកាន់ជាបន្តបន្ទាប់លើកម្ពុជា ដែលថាកម្ពុជាបានដាក់មីនថ្មីនោះ កម្ពុជាបានប្រើមធ្យោបាយការទូតទៅកាន់ប្រធានអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សតែម្ដង ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួន ទាំងការដាក់លិខិតទៅផ្ទាល់ និងប្រជុំបកស្រាយនៅថ្ងៃទី២១ ខែសីហា ដោយកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃ និងបានហៅការចោទប្រកាន់នោះថាគ្មានមូលដ្ឋាន ក្រោមហេតុផលនយោបាយ ហើយខ្វះនូវសម្អាងដែលមិនអាចទុកចិត្តបាន និងជាការប៉ុនប៉ងបង្ខូចកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា៖ «ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ ហើយនិងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានសរសេរលិខិតមួយច្បាប់ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ជូនឯកអគ្គរដ្ឋទូតជប៉ុន និងជាប្រធាននៃកិច្ចប្រជុំលើកទី២២ របស់រដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេស បានបន្តថា ឯកឧត្តមបណ្ឌិត លី ធុច អនុប្រធានទី១ អាជ្ញាធរមីន ក៏បានជួបប្រជុំតាមប្រព័ន្ធអ៉ីនធឺណិត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ជាមួយប្រធានអនុសញ្ញាអូតាវ៉ាផងដែរ ដោយឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការ នូវការចោទប្រកាន់របស់ថៃ អំពីការដាក់មីនថ្មីប្រឆាំងមនុស្ស នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយបានហៅការចោទប្រកាន់នោះថា គ្មានមូលដ្ឋាន មានហេតុផលនយោបាយ និងខ្វះនូវសម្អាងដែលអាចឱ្យជឿទុកចិត្តបាន ដែលជាការប៉ុនប៉ងក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេស បានបន្ថែមថា កម្ពុជាសូមអះអាងជាថ្មីម្តងទៀត នូវការគោរពយ៉ាងពេញលេញរបស់ខ្លួន ចំពោះអនុសញ្ញាអូតាវ៉ា និងសូមបញ្ជាក់ថា កម្ពុជាមិនបានផលិតនិងប្រើប្រាស់ ឬក៏ដាក់មីនថ្មី តាំងពីកម្ពុជាបានក្លាយជារដ្ឋភាគីនៃសមាជិកនៃអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ២០០០ មកម៉្លេះ។ មិនតែប៉ុណ្ណោះ អង្គការដោះមីនអន្តរជាតិដូចជា APOPO និង HALO TRUST ក៏បានអះអាងពីគ្រាប់មីនទាំងនោះ ថាជាមីនចាស់ដែលសល់តាំងពីអតីតកាល ពោលគឺពុំមែនជាមីនថ្មីឡើយ។
គណៈកម្មការអនុសញ្ញាអូតាវ៉ា បានកត់សម្គាល់ការឆ្លើយតបរបស់កម្ពុជា ដោយបានច្រានចោលការចោទប្រកាន់របស់ថៃលើការដាក់មីនថ្មី និងលើកទឹកចិត្តដល់កម្ពុជា និងថៃបន្តកិច្ចសន្ទនា កាត់បន្ថយភាពតានតឹង ប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងបន្តជំរុញសកម្មភាពមីនមនុស្សធម៌។
សូមជម្រាបផងដែរថាប្រធានអនុសញ្ញាអូតាវ៉ា និងសមាជិក បានធ្វើការកត់ត្រានូវការបំភ្លឺរបស់កម្ពុជាហើយក៏បានទទួលស្គាល់ នូវការរួមចំណែកដ៏យូរអង្វែងរបស់កម្ពុជាក្នុងសកម្មភាពកម្ចាត់មីន។ គួរបញ្ជាក់ថា បន្ទាប់ពីបានដើរល្បាតជាន់មីនដាច់ជើងជាបន្តបន្ទាប់ ថៃបានទម្លាក់កំហុសពីការដាច់ជើងរបស់ទាហានខ្លួន ថាបានជាន់មីនដែលទាហានកម្ពុជាលួចចូលដាក់ក្នុងដីថៃ រហូតបង្កើតរូបភាពជាច្រើនដើម្បីចោទប្រកាន់កម្ពុជាទៀតផង។ ទោះជាយ៉ាងណា កម្ពុជាបានធ្វើការបដិសេធជាបន្តបន្ទាប់ចំពោះការចោទប្រកាន់ទាំងនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





