ក្នុងរយៈពេល ៨០ឆ្នាំកន្លងមក ប្រជាជនវៀតណាមបានឆ្លងកាត់ការឈឺចាប់ និងការលំបាកជាច្រើនដើម្បីទទួលបានឯករាជ្យ ការបង្រួបបង្រួម និងសម្រេចបាននូវការបោះជំហានដ៏អស្ចារ្យក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេស, បច្ចុប្បន្ននេះ វៀតណាមកំពុងបន្តកសាង និងអភិវឌ្ឍន៍គំរូរដ្ឋ នីតិរដ្ឋសង្គមនិយម ដោយឈរលើគោលការណ៍ “ការដឹកនាំបក្ស ការគ្រប់គ្រងរដ្ឋ ភាពម្ចាស់ការរបស់ប្រជាជន” និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលដៅសង្គមនិយមដែលផ្តួចផ្តើមដោយប្រធានហូជីមិញ, ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេស អគ្គលេខាធិកា To Lam គោលនយោបាយអាទិភាពជាច្រើន កំពុងត្រូវបានអនុវត្តដើម្បីនាំប្រទេសជាតិឆ្ពោះទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍន៍វិបុលភាព និងការពឹងផ្អែកលើខ្លួនឯង។

សេចក្តីប្រកាសឯករាជ្យ ដែលបានប្រកាសដោយលោកប្រធានហូជីមិញ ទៅកាន់ពិភពលោកនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ មានតម្លៃជាប់លាប់ ហើយក៏ “គ្មានអ្វីមានតម្លៃជាងឯករាជ្យ និងសេរីភាពឡើយ”។ វីរជនវៀតណាម ក្រោមការដឹកនាំរបស់បក្សពលករវៀតណាម (ឥឡូវជាបក្សកុម្មុយនិស្តវៀតណាម) ដឹកនាំដោយប្រធានហូជីមិញ ដែលជាអ្នកដឹកនាំដ៏ឧដុង្គឧត្តមបានអនុវត្តគោលនយោបាយបង្រួបបង្រួមជាតិដ៏អស្ចារ្យ បានក្រោកឡើងលុបបំបាត់ភាពអត់ឃ្លាន អនក្ខរភាព និងការត្រួតត្រានៃអាណានិគមនិយម និងចក្រពត្តិនិយម ហើយសម្រេចបានជ័យជំនះជាប្រវត្តិសាស្ត្រ ដើម្បីរំដោះទឹកដីភាគខាងត្បូង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ទាំងស្រុង។

ក្នុងយុគសម័យឯករាជ្យ និងសេរីភាពរបស់ប្រជាជនវៀតណាម, ៨០ឆ្នាំ នៃការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសវៀតណាម ពីសាធារណរដ្ឋប្រជាធិបតេយ្យនៅឆ្នាំ១៩៤៥ ដល់ការកសាងប្រទេសតម្រង់ទិសសង្គមនិយម នាពេលបច្ចុប្បន្ននេះ បានបោះជំហានទៅមុខយ៉ាងខ្លាំង ជាពិសេសចាប់តាំងពីឆ្នាំ១៩៨៦ ក្រោមការដឹកនាំរបស់ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាធិកា Nguyen Van Linh វៀតណាមបានអនុវត្តយន្តការឧបត្ថម្ភធនលើវិស័យសេដ្ឋកិច្ចជាបណ្តើរៗ ជាពិសេសលើវិស័យកសិកម្ម និងពហុវិស័យជាច្រើនទៀត។
សេដ្ឋកិច្ចពហុវិស័យដំណើរការយន្តការទីផ្សារជាមួយការគ្រប់គ្រងដោយរដ្ឋក្នុងទិសដៅសង្គមនិយមអនុវត្តគោលនយោបាយបើកចំហ និងសមាហរណកម្មអន្តរជាតិ។ ក្រោយរយៈពេលជិត១០ឆ្នាំ (រហូតដល់ឆ្នាំ១៩៩៥) វៀតណាមបានសម្រេច និងសម្រេចបានលើសគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច នាំប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចសង្គម បង្កើតកម្លាំងចលករដើម្បីឈានទៅដំណាក់កាលឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស។ នាបច្ចុប្បន្ន វៀតណាមកំពុងបន្តកសាងគំរូរដ្ឋ នីតិរដ្ឋសង្គមនិយម ដោយឈរលើគោលការណ៍“ការដឹកនាំបក្ស ការគ្រប់គ្រងរដ្ឋ ភាពម្ចាស់ការរបស់ប្រជាជន” គំរូនេះកាន់តែមានភាពល្អឥតខ្ចោះ ក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ រួមចំណែកដល់សមិទ្ធិផលដ៏អស្ចារ្យ មានសារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុនវានុវត្តន៍ កសាង ការពារ និងអភិវឌ្ឍន៍ប្រទេស។

តាមនោះ វៀតណាមបន្តអនុវត្តការប្រយុទ្ធប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងទប់ស្កាត់រាល់បទល្មើស និងអំពើអាក្រក់ក្នុងសង្គម។ អនុវត្តការច្របាច់បញ្ចូលគ្នានៃរដ្ឋបាលសាធារណៈពី ៦៣ រាជធានី-ខេត្ត ទៅ ៣៤ រាជធានី-ខេត្ត ដោយលុបបំបាត់អង្គភាពរដ្ឋបាលថ្នាក់ស្រុក ឱ្យនៅសល់តែរដ្ឋបាលថ្នាក់ខេត្ត និងឃុំ-ក្រុងចំនួន ២ ប៉ុណ្ណោះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់រូប។ ប្រជាជនវៀតណាមឥឡូវនេះមានអាហារូបត្ថម្ភល្អ ស្លៀកពាក់យ៉ាងកក់ក្តៅ និងសប្បាយរីករាយរួមគ្នាកសាងប្រទេសដែលមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។
វៀតណាមបន្តអនុវត្តគោលនយោបាយការបរទេសបើកចំហ ទូលំទូលាយ និងរឹងមាំ ដោយឈរលើមូលដ្ឋានចាត់ទុកប្រទេសទាំងអស់ក្នុងពិភពលោកជាមិត្ត និងដៃគូពាណិជ្ជកម្ម ដោយមិនគិតពីរបបនយោបាយ និងសង្គម។ ទន្ទឹមនឹងនោះ ជំរុញយ៉ាងសកម្មការរួមវិភាគទានរបស់ជនរួមជាតិវៀតណាមនៅក្រៅប្រទេសយ៉ាងច្រើនកុះករ ជំរុញការវិនិយោគបរទេសនៅវៀតណាម និងមានគោលបំណងកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចបើកចំហពហុវិស័យ សម្របខ្លួនបានភ្លាមៗទៅនឹងការវិវឌ្ឍន៍ដ៏ស្មុគ្រស្មាញនៃស្ថានភាពពិភពលោកបច្ចុប្បន្ន និងតំបន់។

ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ សាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រជាជនវៀតណាមទទួលបានសមិទ្ធិផលសេដ្ឋកិច្ចសង្គមជាច្រើន ដោយសារការច្នៃប្រឌិតនយោបាយ និងសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងអន្តរជាតិ។ សមិទ្ធិផលទាំងនេះត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ចវប្បធម៌ និងសង្គមភាគច្រើន ជាពិសេសក្នុងបរិបទដែលវៀតណាមអនុវត្តបដិវត្តឧស្សាហូបនីយកម្ម និងទំនើបកម្ម អនុវត្តបច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន កសិកម្ម រុក្ខាប្រមាញ់ នេសាទ ឧស្សាហកម្មកែច្នៃ អគ្គិសនី ឧស្ម័ន សំណង់ ពាណិជ្ជកម្ម ដឹកជញ្ជូនហិរញ្ញវត្ថុ ធនាគារ និងកម្សាន្ត។ល។
ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់បច្ចុប្បន្នរបស់វៀតណាម បានកើនឡើងពី ១២១.៧២ USD ក្នុងឆ្នាំ១៩៩០ ដល់ ៤ ៧០០ USD ក្នុងឆ្នាំ២០២៤ , ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤ ៩០០ USD នៅចុងឆ្នាំ២០២៥, ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ក្នុងឆ្នាំ២០២៤ ឈានដល់ ៤៧៦.៣ពាន់លានដុល្លារ ជាមួយនឹងអត្រាកំណើន GDP លំដាប់ទី ៣ លើពិភពលោក។ ក្នុងរយៈពេល ៦ខែ ដំបូងនៃឆ្នាំ២០២៥ វៀតណាមជាប្រទេសដែលមានអត្រាកំណើនខ្ពស់ខ្លាំងក្នុងតំបន់អាស៊ាន ឈានដល់ ៧.៩៦% និងអាចឈានដល់ ៨% ពេញមួយឆ្នាំ២០២៥ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ២០ឆ្នាំ។

ទន្ទឹមនឹងការកសាង និងអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់ប្រទេស វៀតណាមក៏ជាប្រទេសជិតខាងដ៏សំខាន់ជាពិសេសរបស់កម្ពុជា, កងទ័ព និងប្រជាជននៃប្រទេសទាំងពីរបានឈរក្បែរគ្នា បង្កើតកម្លាំងរួមដ៏អស្ចារ្យក្នុងការប្រយុទ្ធ និងតស៊ូប្រឆាំងនឹងអាណានិគមបរទេស និងចក្រពត្តិនិយម ជួយវៀតណាមទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រនៅនិទាឃរដូវ ឆ្នាំ១៩៧៥ ក៏ដូចជាការជួយប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅសិសិររដូវ ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិតប្រជាជនកម្ពុជារាប់លាននាក់ដែលរស់ឡើងវិញ។
តាមរយៈ អតីតកាលជាច្រើន នៃប្រវត្តិសាស្ត្រចំណងសាមគ្គីភាព និងមិត្តភាពរវាងកម្ពុជា និងវៀតណាម បានរីកដុះដាលជាបន្តបន្ទាប់ និងបង្កើតផ្លែផ្កាក្លាយជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋ និងយូរអង្វែងរបស់ប្រជាជនទាំងពីរ ។ មកដល់ពេលនេះ កម្ពុជា និងវៀតណាមបានអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ-សន្តិសុខ និងវប្បធម៌សង្គម… ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាចំណុចលេចធ្លោរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន វៀតណាម ជាដៃគូពាណិជ្ជកម្មធំទី ៣ របស់កម្ពុជា និងជាដៃគូ ពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងតំបន់អាស៊ាន ។ បច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគត្រឹមត្រូវចំនួន ២០៥ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២.៩៤ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី១ ក្នុងតំបន់អាស៊ាន និងក្នុងចំណោមប្រទេសទាំង ៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម កើនឡើងជាពីរខ្ទង់ជាប្រចាំ ដែលក្នុងនោះឈានដល់ ១០,៥៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ និងរក្សាបាន ១០,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ ក្នុងរយៈពេល ៦ខែ ដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាម សម្រេចបាន ៦,២ពាន់លានដុល្លារ កើនឡើង ១៦,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ចំណូលនាំចេញរបស់វៀតណាមមកកម្ពុជា សម្រេចបាន ២,៧ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៦% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ចំណូលនាំចូលរបស់វៀតណាមបានពីកម្ពុជាឈានដល់ ៣,៥ពាន់លានដុល្លារអាមេរិក កើនឡើង ២៨,៧% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។
ក្រឡេកទៅមើលដំណើរទាំងមូលនៃ ៨០ឆ្នាំកន្លងមក សមិទ្ធផលដែលវៀតណាមសម្រេចបាន គឺធំធេងណាស់ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន រួមទាំងភាពជាដៃគូ និងការគាំទ្រជាច្រើនជំនាន់របស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។ នាពេលខាងមុខ កម្ពុជា និងវៀតណាម នឹងបន្តផ្តល់តម្លៃ និងអភិវឌ្ឍន៍ទំនាក់ទំនង ១៦ពាក្យ ៖ “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” បន្តរួមដៃគ្នាសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិ រួមចំណែកកសាង និងបង្រួបបង្រួមសន្តិភាព ស្ថិរភាពនយោបាយ ធានាសន្តិសុខ និងការពារជាតិរឹងមាំឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៤៥ សម្រាប់ប្រទេសទាំងពីរ វៀតណាម និងកម្ពុជា ៕ CEN