ខេត្តកំពង់ចាម: “តាមរយៈការបង្កើតវិទ្យាស្ថានជាតិស្ថិតិជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិដែលមានវិសាលភាពគ្របដណ្ដប់លើក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទៅលើការងារស្ថិតិ។ហើយវិទ្យាស្ថានជាតិស្ថិតិនិងក្លាយទៅជាមជ្ឈមណ្ឌលថ្នាក់ជាតិ ដែលអាចឲ្យអ្នកប្រើប្រាស់ទាំងអស់ទាញយកទិន្នន័យគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញ។”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តថ្លែងក្នុងឱកាសបិទវេទិកាពិគ្រោះយោបល់និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២៦-២០២៨)របស់រដ្ឋបាលខេត្ត ក្រុង ស្រុកនិងឃុំ សង្កាត់ដោយធ្វើឡើងនាព្រឹកថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរផែនការខេត្តកំពង់ចាម។ជាមួយនោះមានការចូលរួមពីអង្គភាពនានាជុំវិញខេត្តអភិបាលស្រុក ក្រុងទាំង១០ក្នុងខេត្តកំពង់ចាមផងដែរ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានគូសបញ្ជាក់ថា:ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណដល់អស់លោកលោកស្រី ដែលបានយកចិត្តទុកដាក់ទាំងប្រាជ្ញាស្មារតីនិងការទទួលខុសត្រូវក្នុងការតាមដានឆ្វេងយល់ពីការធ្វើបទបង្ហាញស្ដីពីគម្រោងអភិវឌ្ឍន៍ជាអាទិភាពឆ្នាំ២០២៦ដល់២០២៨ ដែលក្រុមប្រឹក្សាក្រុង ស្រុក និងឃុំសង្កាត់ បានស្នើឡើងដើម្បីស្វែងរកការគាំទ្រពីបណ្ដាលមន្ទីរអង្គភាពជុំវិញខេត្តអង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជននិងសប្បុរសជននានាដើម្បីឆ្លើយតបនិងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តឲ្យដឹងទៀតថា ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវផ្ញើទិន្នន័យទាំងអស់ដែលខ្លួនមានទៅវិទ្យាស្ថានជាតិស្ថិតិតាមរយៈមន្ទីរផែនការខេត្តជាសេនាធិការ។ដូច្នេះដើម្បីឱ្យទិន្នន័យស្ថិតិសម្បូរបែបនិងមានសុក្រិតភាពក្នុងនាមរូបលោកផ្ទាល់ស្នើឱ្យរដ្ឋបាលស្រុក ក្រុងនិងឃុំ សង្កាត់យកចិត្តទុកដាក់ពង្រឹងគុណភាពទិន្នន័យគ្រប់ប្រភេទជាពិសេសទិន្នន័យមូលដ្ឋានភូមិ ឃុំសង្កាត់ ស្រុក ក្រុងដែលជាទិន្នន័យស្នូលសម្រាប់ឲ្យរាជរដ្ឋាភិបាលធ្វើជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយជាតិនិងកំណត់តំបន់អាទិភាពសម្រាប់កិច្ចអភិវឌ្ឍន៍នៅមូលដ្ឋាន។ ជាមួយនោះយើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំប្រកបដោយនិរន្តរភាពចីរភាពបរិស្ថានធនធានធម្មជាតិនិងការបន្សំនិងបម្រែបម្រួលអាកាសធាតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើងទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខមាលភាពនិងការងារអប់រំសិក្សាធិការជាមូលដ្ឋាន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី











