នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋចំនួន២៧០នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានជម្រាបជូនអង្គពិធីអំពីមូលហេតុ និងស្ថានការណ៍វិវត្តថ្មីៗ នៃការឈ្លានពានរបស់ប្រទេសថៃ យ៉ាងគឃ្លើន សាហាវព្រៃផ្សៃ អមនុស្សធម៌ និងប្រើគ្រប់កលល្បិចដើម្បីតែមហិច្ឆតាឈ្លានពានរបស់ខ្លួន មកលើបូរណភាពដែនដី និងអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវជឿជាក់លើថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ និងសម្តេបវរធិបតី ក្នុងការដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់ លើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីនិរន្តរភាពសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា និងថៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ កម្ពុជាត្រូវការសន្តិភាព។ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាច ក្លាហានរបស់វីរយុទ្ធជនយើង ដែលបាននិងកំពុងលះបង់កម្លាំងកាយ ចិត្ត បូជាអាយុជីវិត តស៊ូ អត់ធ្មត់ ក្រាញននៀល ក្នុងការការពារជាតិមាតុភូមិកម្ពុជា និងបានសម្តែងនូវមោទនភាពជាតិខ្ពស់ និងក្តីរំភើបជាអតិបរិមា ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និងសាមគ្គីឯកភាពជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ក្នុងការចូលរួមឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ស្បៀងអាហារ ជួយដល់វីរយុទ្ឋជន និងប្រជាជនភៀសសឹក។ មានតែខ្មែរយើងទេដែលស្រឡាញ់ខ្មែរ គ្មានបរទេសណាមកស្រឡាញ់ខ្មែរនោះទេ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្ន កុំជឿតាមការញុះញង់របស់ក្រុមជនជ្រុលនិយមមួយក្តាប់តូច ដែលតែងតែបកស្រាយខុសស្រឡះពីការពិត បំបាក់ស្មារតីកងទ័ព បង្អាប់ជាតិឯង គប់គិតជាមួយបរទេស ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងផលប្រយោជន៍ជាតិ។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបានរៀបចំច្បាប់ដកសញ្ជាតិ ដើម្បីប្រើសម្រាប់ជនណាដែលបំផ្លាញផលប្រយោជន៍ជាតិ ឬគប់គិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិឯង។
ឯកឧត្តមបានបន្ថែមថា ការរៀបចំច្បាប់នេះឡើងគឺស្របតាមច្បាប់អន្តរជាតិ ហើយនៅក្នុងបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ប្រទេសចំនួន១៥០ ដែលក្នុងចំនួននោះប្រទេសក្នុងតំបន់អាស៊ានចំនួន៩ មានច្បាប់នេះរួចទៅហើយ លើកលែងតែកម្ពុជាតែប៉ុណ្ណោះ។រក្សាសិទ្ធដោយ៖សុទ្ធលី





