សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យសាលារៀនសុវណ្ណភូមិ ដែលមាន ឧកញ៉ា ជា ធីឡាយ ម្ចាស់សាលា សងសំណងប្រាក់ ១០ម៉ឺនដុល្លារ សម្រាប់ព្យាបាលក្មេងរងរបួសភ្នែក រួមទាំងថ្លៃជំងឺចិត្តផ្សេងៗទៀត ជុំវិញការធ្វេសប្រហែសរបស់គ្រូបង្រៀន បណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួសភ្នែកធ្ងន់ធ្ងរ កំលុងពេលសិក្សា ហើយមកដល់ពេលនេះបានអូសបន្លាយរយៈពេលជាង៩ខែហើយ អាណាព្យាបាលសិស្សរងរបួសភ្នែក ពុំទាន់ទទួលបានសំណងនៅឡើយទេ បើប្រើពេលវេលាផ្ដល់សំណងដល់ជនរងគ្រោះយូរយ៉ាងនេះ តើលទ្ធភាពសង្គ្រោះភ្នែករបស់ជនរងគ្រោះ នឹងទៅជាយ៉ាងណា?!
បើយោងតាមសាលក្រមរបស់ចៅក្រមជំនុំជម្រះ គឺលោកស្រី ឈុន ដាវី ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានបង្គាប់ឱ្យចុងចម្លើយ ឧកញ៉ា ជា ធីឡាយ ម្ចាស់សាលាសុវណ្ណភូមិ បង់សំណងខូចខាត និងជំងឺចិត្ត សរុបចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ឱ្យទៅដើមចោទ លោកស្រី សន កញ្ញា ជាអាណាព្យាបាលកុមារា ញុឹប ចេស្ដា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរ ដោយសារតែមិត្តរួមថ្នាក់របស់គេប្រើខ្មៅដៃចាក់ ក្នុងពេលដែលកំពុងរៀន ហើយគ្រូប្រចាំថ្នាក់ បែរជាធ្វេសប្រហែស។
ករណីនេះ ក្រោយការស៊ើបអង្កេត រកឃើញថា កាលពីថ្ងៃកើតហេតុ ក្មេងប្រុសឈ្មោះ ញុឹប ចេស្ដា របួសភ្នែក ដោយសារខ្មៅដៃ គឺបង្កឡើងដោយកុមារាម្នាក់ទៀត រៀននៅសាលាសុវណ្ណភូមិ សាខាចម្ការដូងទី១។ ភ្លាមៗ គ្រូបន្ទុកថ្នាក់ទាំងពីរនាក់ ពុំបានយកកុមារឈ្មោះ ញ៉ឹប ចេស្ដា ទៅបន្ទប់សង្គ្រោះបឋមទេ បែរជានាំយកកុមាររងគ្រោះចេញមកខាងមុខសាលា រង់ចាំអាណាព្យាបាលមកទទួលទៅវិញ ទើបបណ្ដាលឱ្យស្ថានភាពរបួសភ្នែកកាន់តែធ្ងន់ធ្ងរ។
លោកស្រី សន កញ្ញា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថា លោកស្រីបានអត់ធ្មត់រកដំណោះស្រាយតាមនីតិវិធី ទ្វេភាគី ត្រីភាគី និងនៅតុលាការដោយប្រើពេលវេលារហូតជិត១ឆ្នាំហើយ តែនៅតែមិនឃើញ លោក ជា ធីឡាយ ចេញមុខមកដោះស្រាយ ទោះមានសាលក្រមពីតុលាការសម្រេចបែបនេះក្ដី។ លោកស្រីបានជម្នះការលំបាកជាច្រើនក្នុងការសង្គ្រោះកូន តាំងពីពេលកើតហេតុ រហូតពិនិត្យព្យាបាលជាបន្តបន្ទាប់ និងការគ្រប់គ្រងថែរក្សានាពេលបច្ចុប្បន្ន និងទៅថ្ងៃមុខទៀត។
ការសម្រេចរបស់តុលាការនេះ លោកស្រី សង្ឃឹមថា ឧកញ៉ា ជា ធីឡាយ ម្ចាស់សាលាសុវណ្ណភូមិ នឹងទទួលយក ហើយអនុវត្តដោយស្ម័គ្រចិត្ត ស័ក្តិសមនឹងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់លោក ចៀសវាងបន្តអូនបន្លាយកាន់តែយូរ របៀបមានចេតនាគេចវេះ។
មហាជន បានលើកឡើងថា ត្រូវតែមានយុត្តិធម៌សម្រាប់ជនរងគ្រោះ បេីរកឃើញថា គ្រូប្រចាំថ្នាក់ធ្វេសប្រហែសក្នុងពេលបង្រៀនសិស្ស ហើយម្ចាស់សាលា បែរជាមិនទទួលខុសត្រូវតាមផ្លូវច្បាប់ តើស្មារតីច្បាប់មានន័យអ្វីទៅ ?! ហើយវានឹងក្លាយជាទម្លាប់អាក្រក់សម្រាប់សង្គមមួយដែលគ្មានការទទួលខុសត្រូវតាមផ្លូវច្បាប់ ពោលគឺ វប្បធម៌និទណ្ឌភាព សម្រាប់អ្នកមានអំណាចទឹកប្រាក់ និងអ្នកមានយសស័ក្ដិ តើសមធម៌ យុត្តិធម៌ លើផ្លូវច្បាប់ក្នុងសង្គម នៅឯណា ?!៕ រក្សាសិទ្ធដោយ៖ CEN














