Thursday, August 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការដាក់មីនថ្មី

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមធ្វើសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែរ ប្រាសាទតាក្របី និងការចោទប្រកាន់ជាបន្តបន្ទាប់របស់យោធាថៃ។ ក្នុងឧប្បត្តិហេតុខាងលើ ទាហានថ ម្នាក់បានដើរជាន់មីននៅក្នុងតំបន់ព្រំដែន ហើយរងរបួសដាច់ប្រអប់ជើងខាងស្តាំ ហើយយោធាថបាន ចោទប្រកាន់ថាកម្ពុជាបានរំលោភលើបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាបានដាក់មីនថ្មីធ្វើពីប្លាស្ទិក ដែលមិនអាចរកឃើញដោយឧបករណ៍រាវមីនស្តង់ដារ។

អាជ្ញាធរមីន សូមសម្តែងនូវការសោកស្តាយចំពោះទាហានដែលរងគ្រោះដោយសារមីន និងសូម ជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ ដែលថា កម្ពុជាបានដាក់មីនថ្មី ដោយការចោទប្រកាន់នេះមិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាង ច្បាស់លាស់។ កម្ពុជាប្តេជ្ញាគោរពតាមបទឈប់បាញ់ . និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋ ភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ ដោយដាច់ខាតមិនប្រើប្រាស់មីនប្រឆាំងមនុស្ស កម្ពុជា មិនបានប្រើប្រាស់ ផលិត ឬដាក់មីនថ្មីឡើយ ចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា។
តំបន់ដែលឧប្បត្តិហេតុកើតឡើង ស្ថិតនៅតាមបណ្ដោយព្រំដែនក្បែរប្រាសាទតាក្របី ដែលជា តំបន់មានមីនច្រើន បន្សល់ទុកពីសម័យសង្គ្រាម ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម មីនរាប់លានគ្រាប់ត្រូវបានដាក់នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា រួមទាំងមីនធ្វើពី ផ្លាស្ទិកផងដែរ ដែលមីនប្រភេទនេះ មានសារធាតុលោហៈតិចតួចណាស់ ពិបាកក្នុងការរកឃើញដោយ ប្រើប្រាស់ឧបករណ៍រាវមីនស្តង់ដារ ប្រតិបត្តិករបោសសម្អាតមីនកម្ពុជាដែលមានជំនាញច្បាស់លាស់
ធ្លាប់រកឃើញនិងកម្ទេចមីនប្រភេទនេះជាច្រើននៅតាមបណ្ដោយព្រំដែន អស់រយៈពេលជាច្រើនឆ្នាំមក ហើយ និងបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យសកម្មភាពមីនកម្ពុជា។ ការដែលលើកឡើងថាមីននេះធ្វើពី ផ្លាស្ទិក និងពិបាកក្នុងការរាវរក គឺពិតជាស្របទៅនឹងកំណត់ត្រានៃការបោសសម្អាតមីនរបស់កម្ពុជាក្នុង តំបន់នេះ ហើយវាមិនមែនជាមីនថ្មីនោះទេ។ តំបន់ក្បែរប្រាសាទតាក្របី ដែលយោធាថៃបានអះអាងថា មានឧប្បត្តិហេតុផ្ទុះមីន គឺជាតំបន់ដែលមានមិនក្រាស់ និងហានិភ័យខ្ពស់។ ឧប្បត្តិហេតុនេះ គឺពិតជាបង្កឡើងដោយសារគ្រាប់មីនចាស់ មិនមែនជាគ្រាប់មីនថ្មីឡើយ ហើយទាមទារឱ្យយើងផ្តោតសំខាន់លើ ការបោសសម្អាតមីនមនុស្សធម៌ ជាជាងការចោទប្រកាន់ដោយគ្មានការពិត។

កម្ពុជា សម្រេចបានសមិទ្ធផលធំធេងក្នុងការបោសសម្អាតមីន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្ន។ ទោះជាយ៉ាងនេះក្តី នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅតែបន្តរងគ្រោះធ្ងន់ធ្ងរ ដោយសារមីន ជាពិសេសតំបន់ដែលមិនមែនជាអាទិភាពសម្រាប់ធ្វើការបោសសម្អាត ជូនប្រជាពលរដ្ឋ រស់នៅ និងបម្រើដល់សេដ្ឋកិច្ច-សង្គម តែតំបន់នោះត្រូវបានដាក់ស្លាកសញ្ញាមីន និងធ្វើបច្ចុប្បភាពចម្ការមីន ជាប្រចាំ។

ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ អាជ្ញាធរមីន សូមអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងៀម និងបន្តកិច្ចសហប្រតិបត្តិការចៀសវាងការបង្កើនកំដៅ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ បង្ហាញនូវភស្តុតាង និងអនុញ្ញាតឱ្យ មានស៊ើបអង្កេតឯករាជ្យ។ កម្ពុជា-ថៃ គឺជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមានកាតព្វកិច្ចរួមក្នុងការបោស សម្អាតមីនចាស់ និងការពារមិនឱ្យមានការប្រើប្រាស់មិនថ្មី។ កម្ពុជា ស្វាគមន៍ចំពោះយន្តការទ្វេភាគីដែល មានស្រាប់ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ និងគំនិតផ្តួចផ្តើមបោសសម្អាត មិនមនុស្សធម៌។

ជាចុងក្រោយ កម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីន ប្រឆាំងមនុស្សឡើយ និងនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់។ កម្ពុជានឹងនៅតែ បន្តកិច្ចសហប្រតិបត្តិការ និងការបោសសម្អាតមីន និងការបោសសម្អាតមីន ដែលបន្សល់ទុកពីសម័យសង្គ្រាម។ កម្ពុជាសូម អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហានេះ ចូលរួម ដោយទទួលខុសត្រូវ រក្សាឱ្យបានសន្តិភាព នៅតាមតំបន់ព្រំដែន និងធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជនទាំងពីរ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ អនុវត្តតាមបទឈប់បាញ់ និងមិនមានចល័តកងទ័ពនៅក្នុងតំបន់នោះ អំឡុងពេលនៃបទឈប់បាញ់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×