ខេត្តកំពង់ចាម: ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត អមដំណើរដោយសហការីបានអញ្ជើញកាត់ស្រោមវិញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅមណ្ឌលវិទ្យាល័យព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម
នាព្រឹកថ្ងៃទី២៨សីហា ឆ្នាំ២០២៥។ជាមួយនោះគេសង្កេតឃើញមានអង្គភាពប្រឆាំងអំពើពុករលួយចូលរួមអង្កេតដោយផ្ទាល់ សមត្ថកិច្ចនគរបាលនិងអាវុធហត្ថយាមពីក្រៅពង្រឹងសណ្ដាប់ធ្នាប់ ពីមួយឆ្នាំទៅមួយឆ្នាំការប្រឡងកាន់តែពង្រឹងគុណភាពប្រសើរឡើងមិនចាញ់ប្រទេសជិតខាង។
បេក្ខជនឈ្មោះឡាយ សុផានិត អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២”B”នៃវិទ្យាល័យហ៊ុន សែន-ប៉េង ហួត ស្វាយតាណនស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលត្រូវមកប្រឡងនៅមណ្ឌលវិទ្យាល័យព្រះសីហនុ បានរៀបរាប់ថា: រូបគេគឺជាកូនតែម្នាក់គត់នៅក្នុងក្រុមគ្រួសារដែលមានឪពុកម្ដាយជាអាជីវករលក់ដូរ។ សម្រាប់ចំណាត់ថ្នាក់ប្រចាំឆ្នាំទទួលបានលេខ៥ ហើយមុខវិជ្ជាដែលត្រូវប្រឡងក្នុងនោះរួមមាន: គណិតវិទ្យា ភាសាខ្មែរភាសាអង់គ្លេស ភូមិវិទ្យា ប្រវត្តិវិទ្យាសីលធម៌និងផែនដីវិទ្យា ដោយការប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺ២៨-២៩សីហា។បើសិនរូបគេប្រឡងជាប់និងត្រូវបន្តរៀនយកផ្នែកច្បាប់ដើម្បីជួយបម្រើដល់សង្គមជាតិ។
លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមមានប្រសាសន៍ឲ្យដឹងដែរថា ជាមួយនោះមន្ទីរបានរៀបចំគណៈកម្មការសរុបចំនួន១២៣៤នាក់ គណៈកម្មការអប្បមាទ១៥នាក់ គណៈកម្មការកណ្ដាល១៩០នាក់ គណៈកម្មការត្រួតពិនិត្យចំនួន៩៥នាក់ គណៈកម្មការអនុរក្ស៨៦៩ នាក់។ហើយនៅក្នុងខេត្តកំពង់ចាមទាំងមូលមានមណ្ឌលប្រឡងសរុបចំនួន១៥មណ្ឌល ក្នុងនោះក្រុងកំពង់ចាមមាន១០ ស្រុកកំពង់សៀមមាន២ និងជើងព្រៃមាន៣ ហើយបេក្ខជនប្រឡងមានចំនួន៩៦៤១ នាក់ ស្រី៥៦០៤នាក់ ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយគូសបញ្ជាក់ថាចំពោះហិបដែកដាក់វិញ្ញាសាត្រូវបានចាក់សោបិទជិតបានល្អ ត្រូវបានដឹកបែងចែកតាមគោលដៅមណ្ឌលប្រឡងនៅក្នុងខេត្តកំពង់ចាម ហើយវិញ្ញាសារមិនមានបែកធ្លាយនោះទេ។ដូច្នេះក្មួយៗដែលបានខិតខំរៀនសូត្ររយៈពេល១២ ឆ្នាំសូមបញ្ចេញសមត្ថភាពនៅពេលនេះធ្វើយ៉ាងណាឲ្យបានប្រឡងជាប់ សំខាន់ស្របតាមពាក្យស្លោកថាអ្នកចេះគឺជាប់។
មានការកត់សម្គាល់ដោយប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនាមុនពេលប្រឡងមួយថ្ងៃគេសង្កេតឃើញកូនសិស្សឬឪពុកម្ដាយរបស់ពួកគេបាននាំគ្នាឲ្យធូបដើម្បីបួងសួង សូមឱ្យកូនៗបានប្រឡងជាប់ជាមួយនោះពួកគាត់ក៏លាន់មាត់ថាទន្ទឹមនឹងនោះយើងក៏ត្រូវប្រឹងប្រែងរៀនសូត្រផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី



















