ភ្នំពេញ ៖ ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៧៨៨នាក់ (ស្រី៧០៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៦៣នាក់ (ស្រី៥៥៧នាក់) បេក្ខជនចំណេះទូទៅចំនួន៣២៥នាក់ (ស្រី១៤៩នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន៣៨នាក់ បោះបង់ការប្រឡងចំនួន២នាក់ បេក្ខជនប្រឡងដាច់ដោយឡែក១២នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍៤នាក់ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព២១នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ សូមជម្រាបថា នៅខេត្តសៀមរាបមានករណីដកទូរសព្ទពីបេក្ខជនចំនួន១ករណី។
នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗតាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។
ដោយសារបញ្ហាព្រំដែន សម្រាប់បេក្ខជនមកពីខេត្តឧត្ដរមានជ័យ ត្រូវបានរៀបចំការប្រឡងនៅស្រុកពួក ខេត្តសៀមរាប ដែលមានចំនួន៣មណ្ឌល សរុប៧២បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ១៣បន្ទប់ វិទ្យាសាស្ត្រសង្គមចំនួន៥៩បន្ទប់។ សម្រាប់ការប្រឡងឆ្នាំនេះ មានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងសរុបចំនួន ៣១ ២០៣ នាក់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។
ឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លោកបានគាំទ្រចំពោះការដំឡើង ប្រាក់បៀវត្សដល់គ្រូបង្រៀន ចឹងក្នុងរយៈពេល១២ឆ្នាំកន្លងទៅនេះ ប្រាក់បៀវត្សគ្រូ គឺកើនឡើងជាមធ្យមប្រមាណជិត៣ដង»។
ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានឲ្យដឹងថា សិស្សដែលមាននិទ្ទេស A B C ប្រមាណ៧៥ភាគរយ នាពេលបច្ចុប្បន្ន បានចូលធ្វើជាគ្រូបង្រៀន ដែលបង្ហាញថា ក្រសួងបានទាក់ទាញ អ្នកដែលមានសមត្ថភាព ចូលមកធ្វើជាគ្រូបង្រៀន។
ឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានឲ្យដឹងទៀតថា ក្រសួងអប់រំ ក៏បានអនុវត្ដនូវកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន ដើម្បីអាចឲ្យបណ្ដុះគ្រូ ឲ្យមានសមត្ថភាពសតវត្សទី២១ ហើយក៏ដូចជាការធ្វើកំណែទម្រង់សាលារៀនផងដែរ។
បើតាមឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន, មកទល់ពេលនេះ អាគារថ្មីៗ ដែលសាងសង់ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានចំនួន៤,៥០០អាគារ រួមទាំងអាគារក្រសួង ក៏ដូចជាដៃគូសាងសង មានជាង១ពាន់អាគារទៀត ក្នុងរយៈពេល១០ឆ្នាំមកនេះ។
ឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានលើកឡើងថា ការធ្វើកំណែទម្រង់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផ្ដល់ជាគន្លឹះដើម្បីយកព័ត៌មាននេះ ពង្រឹងវិស័យអប់រំ ហើយដើម្បីធ្វើកំណែទម្រង់វិស័យអប់រំ។
ឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ក្រសួងអប់រំ បានដាក់ចេញកំណែទម្រង់វិស័យអប់រំ ទាំងនៅថ្នាក់កណ្ដាល ការពង្រឹង ការធ្វើអធិការកិច្ច ការរៀបចំឡើងវិញកម្មវិធីសិក្សា សៀវភៅសិក្សាគោលពិនិត្យឡើងវិញ ក៏ដូចជាការអនុវត្ដនូវគោលនយោបាយ គ្រូបង្រៀនផងដែរ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានបង្ហាញនូវភាពជឿជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ចំនួនសិស្សនិទ្ទេស A អាចនឹងមានចំនួន ប្រហាក់ប្រហែលឆ្នាំ២០២៤ ឬអាចលើសផងដែរ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងការចូលរួមចំណែកជួយដល់សិស្សានុសិស្សប្រឡងបាក់ឌុបនេះ ស.ស.យ.ក បានចូលរួមទាំងពីឆ្នាំ២០១៤មកម្លេះ ដើម្បីបង្ហាញនូវការគាំទ្រ និងភាពជឿជាក់ទៅលើការដឹកនាំរបស់លោកបណ្ឌិសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមទៀតថា ការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ទៅលើការរៀបចំប្រឡងសញ្ញាបត្របាក់ឌុបនេះ គឺនៅមុនដំណាក់កាលប្រឡង បានរៀបចំក្នុងជួយបង្រៀនបំប៉នបន្ថែមដល់សិស្សត្រៀមប្រឡង ដើម្បីជួយក្នុងការសម្រួចសមត្ថភាពបន្ថែមដល់សិស្សអាចឈានដល់ការប្រឡងឱ្យបានទទួលជោគជ័យ។
ជាមួយគ្នានោះនៅក្នុងដំណាក់កាលប្រឡងនេះ សមាជិករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានដើរតួនាទីក្នុងការផ្តល់សេវាមើលថែលើមធ្យោបាយធ្វើដំណើរ មានដូចជា ការយាម កង់ ម៉ូតូ របស់សិស្សចូលប្រឡង ដើម្បីសុវត្ថិភាពលើមធ្យោបាយធ្វើដំណើររបស់ពួកគាត់ និងកុំឱ្យសិស្សកំពុងប្រឡងមានការព្រួយបារម្ភលើ កង់ ម៉ូតូ របស់ពួកគាត់ផងដែរ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមទៀតថា សម្រាប់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅតាមរាជធានី ខេត្ត ក៏បានរៀបចំន្លែងមួយចំនួនសម្រាប់សិស្សមកពីតំបន់ឆ្ងាយមកកាន់មណ្ឌលប្រឡងបានស្នាក់នៅ និងធានាបានសុវត្ថិភាព ដោយមិនយកថវិកា ថែមទាំងបានរួមចំណែកក្នុងការជួយគិតគូរដល់ការទទួលទានផ្សេងៗផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

























