ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ចាន ជឺឆ័ន (Zhang Zhichuan) អនុគណៈកម្មាធិការ អចិន្ត្រៃយ៍សភា ខេត្តសានស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ឯកឧត្តមបណ្ឌិត ចាន ជឺឆ័ន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកសំខាន់មួយនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដែកថែបឱ្យកាន់តែរឹងមាំ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជានិងចិន កាន់តែមានលក្ខណៈស៊ីជម្រៅខ្លាំងឡើង ដោយថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងថ្នាក់ដឹកនាំបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន រួមមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន បានឯកភាពគ្នាដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨” ដែលជាចក្ខុវិស័យ និងជាការប្តេជ្ញាចិត្តថ្មីមួយទៀតរវាងកម្ពុជា-ចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនងនិងកិច្ចសប្រតិបត្តិការទ្វេភាគីក្នុងកម្រិតថ្មីមួយទៀត សំដៅសម្រេចបានការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅដើមឆ្នាំនេះនៅកម្ពុជា ដែលបានពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត មានឯកសារចំនួន៣៧បានចុះហត្ថលេខាដែលបានគ្របដណ្តប់ស្ទើរគ្រប់វិស័យ បានពង្រឹងទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងបាន នាំមកនូវផលប្រយោជន៍កាន់តែច្រើនឡើងជូនប្រជាពលរដ្ឋទំាងសងខាង។
រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការតម្កល់ការអភិវឌ្ឍ និងផ្តោតលើប្រជាជនជាអាទិភាព និងការជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ។
ឯកឧត្តមបណ្ឌិត ចាន ជឺឆ័ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងបានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៅក្នុងឱកាសនេះ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីគោលបំណងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ បរិស្ថាន ធនធានទឹក និងវិស័យផ្សេងទៀត ជាមួយ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹកនិងឧត្តុនិយមនៃរដ្ឋសភាកម្ពុជា ព្រមទំាងការភ្ជាប់ទំនាក់ទំនងយុវជននៃប្រទេសទំាពីរ។
ឯកឧត្តមបានជម្រាបជូនសម្តេចថា កាលពីម្សិលមិញគណៈប្រតិភូបានអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តសៀមរាបនិងបានទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយន្ត ដ៏អស្ចារ្យរបស់កម្ពុជា។ ខេត្ត សានស៊ី និងខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ វប្បធម៌និងកសិកម្ម ជាដើម។
ឯកឧត្តម បានយល់ស្របចំពោះការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា ដែលបានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាពដ៏ល្អនិងរឹងមាំ កម្ពុជានិងចិន ដែលមានតំាងពីយូរលុងមកហើយ។ ចំណងមិត្តភាពនេះបានពូនជ្រុំឥតឈប់ឈរដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ ឯកឧត្តមបាន ជម្រាបជូនសម្តេចប្រធានរដ្ឋសភាពីសន្តានុពលរបស់ខេត្ត សានស៊ី។ ខេត្ត សានស៊ី នៅជាប់នឹងទីក្រុងប៉េកំាង មានសក្តានុពលទេសចរណ៍ វិស័យថាមពល កសិកម្មធម្មជាតិ។ ឯកឧត្តមបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា បំពេញទស្សនកិច្ចនៅខេត្តសានស៊ី នៅអំឡុងខែវិច្ឆិកា ខាងមុខនេះ ដោយសារពេលនេះ ខេត្តនឹងរៀបចំកម្មវិធីសំខាន់មួយ បង្ហាញពីសក្តានុពលថាមពល។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ ខេត្តសានស៊ី។ ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចបានថ្លែងអំណរគុណដល់សធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយមនុស្សធម៌ ដល់ជនភៀសសឹកកម្ពុជា ដែលបានជម្លៀសចេញពីផ្ទះសម្បែក គេចចេញពីការវាយប្រហាររបស់កងទ័ពថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាកម្ពុជា គឺជាប្រទេសដែលស្រឡាញ់សន្តិភាព។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍រួមរស់ដោយសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។ កម្ពុជាបានអនុវត្តយ៉ាងម៉ឹងម៉ាត់បទឈប់បាញ់ ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានដោយមានការចូលរួមពីបណ្តាប្រទេសជាមិត្តជាច្រើនទៀត នៅក្នុងនោះសាធារណរដ្ឋប្រជាមានិតចិន ផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី















