ភ្នំពេញ ៖ ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។
ការចាប់ខ្លួននេះ ក៏ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ១២០២ (ឆ.១)ដ.ច.ន/២៤ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់ជួល ផ្លូវលេខ១៩៧៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ «ឃាតកម្ម និងលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពេីហិង្សា»។
ជនដៃដល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកស៉ឹង សង្កាត់សំពៅពួន ក្រុងសំពៅពូន ខេត្តកណ្ដាល។ បច្ចុប្បន្នបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី





