រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក(CODEL)។
នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (US Congressional Member Delegation – CODEL) ដឹកនាំដោយ លោកជំទាវ Beth Van Duyne សមាជិកសភាតំណាងរដ្ឋ Texas ព្រមទាំងមានការចូលរួមពី ឯកឧត្តម បណ្ឌិត Rich McCormick សមាជិកសភាតំណាងរដ្ឋ Georgia និង ឯកឧត្តម Suhas Subramanyam សមាជិក សភាតំណាងរដ្ឋ Virginia និងសហការីអមដំណើរទស្សនកិច្ចនេះ ។
ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (CODEL) មកកាន់កម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូននូវស្ថានភាព និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបាន និង កំពុងរីកលូតលាស់ ក្នុងរយៈកាលជាង ៣ ទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដ ប្រជាខ្ពស់, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, និងហានិភ័យនានាក្នុងតំបន់ និងសកល ។ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចព្រមព្រៀង ពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ។
ផ្សារភ្ជាប់ទៅនឹងអនុស្សាវរីយ៍នៃចំណងមិត្តភាពការទូតក្នុងរយៈពេល ៧៥ ឆ្នាំ នៃប្រទេសទាំងពីរ, ឯក ឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបង្ហាញអំពីសារសំខាន់ នៃការចូលរួមរបស់សហរដ្ឋអាម៉េរិកក្នុងនាមជាដៃគូ-ពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យ រួមមានវិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យសុខាភិបាល, វិស័យហិរញ្ញវត្ថុ និងវិស័យបដិសណ្ឋារកិច្ចជាដើម ។ ក្នុងនោះផងដែរ, ស្របពេលដែលកម្ពុជាកំពុងត្រៀមលក្ខណៈ ដើម្បីចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ ២០២៩, កម្ពុជាបានស្នើឱ្យសហរដ្ឋអាម៉េរិកផ្តល់នូវជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាព ស្ថាប័ន ក្នុងដំណាក់កាលអន្តរកាលនេះ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែងខាងមុខ ។
ឆ្លៀតក្នុងឱកាសនេះ, លោកជំទាវប្រធានគណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំហររបស់រាជរដ្ឋាភិបាល ដែល តែងតែប្រកាន់ខ្ជាប់នូវការខិតខំរក្សាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសជាតិ ឱ្យមានការរីកចម្រើន ។ ទន្ទឹមនេះ លោកជំទាវប្រធានគណៈប្រតិភូ ក៏បានគូសបង្ហាញថាសហរដ្ឋអាម៉េរិក និងកម្ពុ ជា នឹងបន្តរឹតបន្តឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការ ធ្វើបរិវត្តកម្មឌីជីថល, ការប្រើប្រាស់បញ្ញាសិប្បនិម្មិត, និងការលើកកម្ពស់បរិយាកាសធុរកិច្ច, ព្រមទាំងការចូលរួម សហការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ និងបញ្ហាអន្តោប្រវេសន៍ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ភាពធន់ បរិយាប័ន្ន និងសមធម៌ ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងជូនពរ លោកជំទាវ Beth Van Duyne និងគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក ទទួលបាននូវលទ្ធផលជាផ្លែផ្កា ក្នុងការមក បំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












