ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម អ៊ូ ឃីន យី (U Khin Yi) ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក កម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានជួបប្រជុំទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងបានជួបសម្តែងការគួរសមចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានទស្សនកិច្ច នៅវិមានឈ្នះ-ឈ្នះ ដើម្បីស្វែងយល់អំពីដំណើរការកសាង និងថែរក្សាសន្តិភាព និងគោលនយោបាយ ឈ្នះ-ឈ្នះរបស់កម្ពុជា។
នៅក្នុងជំនួបនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជម្រាបជូនគណៈប្រតិភូ អំពីប្រវត្តិ ស្នាដៃ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលរំដោះជាតិ ការកសាងនិងការការពារជាតិ ក៏ដូចជាការស្វែងរកសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់ ពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍របស់ គណបក្ស និងប្រទេសនីមួយៗ និងបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងពិភពលោក ព្រមទាំង បានឯកភាពគ្នាដាក់ចេញនូវទិសដៅកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរសម្រាប់ពេលអនាគត។
គណបក្សទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សំដៅជំរុញកិច្ចសហប្រតិបត្តិការ អន្តរគណបក្សនយោបាយ និងភាពជាដៃគូ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកដោយ ផ្អែកលើគោលការណ៍សមភាព ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
ដំណើរទស្សនកិច្ចនាពេលនេះធ្វើឡើងស្របពេលដែលប្រទេសទាំងពីរបាននិងកំពុងអបអរសាទរ
ខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត ដែលនឹងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថែម សន្ទុះថ្មីដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និង ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ និងអាស៊ានផងដែរ។
តបតាមការអញ្ជើញរបស់ឯកឧត្តម អ៊ូ ឃីន យី ប្រធានគណបក្សសហភាពសាមគ្គី និង អភិវឌ្ឍន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានទទួល យកការអញ្ជើញនិងត្រៀមទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាតាមពេលវេលាសមស្រប៕ រក្សាសិទ្ធដោយ៖សុទ្ធលី











