Wednesday, September 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស

ភ្នំពេញ ៖ ដំណើរការសំណេរនាថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន២មុខវិជ្ជាគឺ៖ អក្សរសាស្ត្រ និងរូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។

បើទោះបីមានភ្លៀងធ្លាក់នៅខេត្តចំនួន៧ ក្នុងនោះមានដូចជាក្រចេះ ពោធិ៍សាត់ កោះកុង កំពង់ចាម ព្រះសីហនុ សៀមរាប និងរតនគិរី ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

របាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានបង្ហាញថា នៅថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន១៨៥៨នាក់ (ស្រី៧៤៥នាក់) ស្មើនឹង១,២៦ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៥១១នាក់ (ស្រី៥៨១នាក់) បេក្ខជនចំណេះទូទៅចំនួន៣៤៧នាក់ (ស្រី១៦៤នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព៨៣នាក់ ហើយដាក់ឱ្យប្រឡងដាច់ដោយឡែក៣២នាក់ ហើយបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ បេក្ខជនដែលបោះបង់ការប្រឡង ដោយសារបញ្ហាសុខភាពមានចំនួន១នាក់នៅខេត្តសៀមរាប។ ដោយឡែកថ្ងៃនេះ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៨នាក់ គ្រុនពោះវៀន១ និងគ្រោះថ្នាក់ចរាចរណ៍១នាក់ សម្រាប់គណៈមេប្រយោគមានបញ្ហាសុខភាព១៣នាក់។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។

ដោយសារបញ្ហាព្រំដែន សម្រាប់បេក្ខជនមកពីខេត្តឧត្ដរមានជ័យ ត្រូវបានរៀបចំការប្រឡងនៅស្រុកពួក ខេត្តសៀមរាប ដែលមានចំនួន៣មណ្ឌល សរុប៧២បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ១៣បន្ទប់ វិទ្យាសាស្ត្រសង្គមចំនួន៥៩បន្ទប់។ សម្រាប់បេក្ខជនប្រឡងមកពីខេត្តឧត្ដរមានជ័យ និងព្រះវិហារ ចំនួន៦នាក់ដែលបានមកប្រឡងនៅរាជធានីភ្នំពេញ កំពង់ស្ពឺ ពោធិ៍សាត់ និងបាត់ដំបង មានវត្តមានក្នុងការប្រឡងធម្មតា ដោយទទួលបានថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×