ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា នៅ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៨ គណៈប្រតិភូរធនាគារអភិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយលោក Mahbub Ahmed នាយកប្រតិបត្តិ សម្រាប់ប្រទេស Afghanistan, Bhutan, India, Lao PDR, and Turkmenistan បានអញ្ជើញចុះទស្សនកិច្ចសិក្សា ស្វែងយល់ និងដកស្រង់បទពិសោធន៍ ពីប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពដដែល បានបន្តថា ក្នុងអតីតកាល ដោយសារតែគុណភាពដីអន់ ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ត្រូវបានទុកចោលទាំងស្រុង ប្រើប្រាស់មិនកើត ។ ដើម្បីដោះស្រាយបញ្ហានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារធ្វើការសិក្សា និងសាងសង់ឡើងវិញទៅតាមបច្ចេកទេសមួយថ្មីដែលទំនើប ឆ្លើយតបទៅនឹងគុណភាពដី ។ លោក ចាន់ ស៊ីណាត ដែលជានាយកគម្រោង បានដឹកនាំអនុវត្តការងារនេះផ្ទាល់ ចាប់ពីដំណាក់កាលដំបូង រហូតទទួលបានជោគជ័យ ដែលកំពុងតែផ្តល់សក្តានុពលលើផ្ទៃដីបង្កបង្កើនផលប្រមាណ ១៥.០០០ ហិកតា (ធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ) ។ តាមរយៈបច្ចេកទេសថ្មី-ទំនើប ដែលធានានូវនិរន្តរភាពនៃគម្រោងដែលបានប្រើប្រាស់ពេញបន្ទុកមកដល់សព្វថ្ងៃនេះ បានធ្វើឲ្យគម្រោងនេះ ក្លាយទៅជាគម្រោងគំរូមួយ ក្នុងចំណោមបណ្តាគម្រោងរាប់ម៉ឺនរបស់ ADB ដែលធ្វើឲ្យមានដំណើរទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ជាបន្តបន្ទាប់ពីមន្ត្រីរបស់ ADB ដើម្បីទាញយកបទពិសោធន៍ និងចំណេះដឹងពីកន្លែងនេះ ទៅអនុវត្តនៅកន្លែងផ្សេងៗទៀត ។
លោក Mahbub បានថ្លែងថា ក្នុងនាមមន្ត្រីជាន់ខ្ពស់របស់ ADB និងក្នុងនាមរូបលោកផ្ទាល់ បានសម្តែងនូវការអរគុណដល់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំអនុវត្តគម្រោង ប្រព័ន្ធធារាសាស្ត្រខាងលើនេះ ទទួលបានជោគជ័យដ៏ធំធេងយ៉ាងនេះ ៕ ដោយ ៖ បញ្ញាស័ក្តិ