ភ្នំពេញ ៖ សេចក្តីប្រកាសបដិសេធរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនីហ្វេសប៊ុកឈ្មោះ Sam Rainsy ដែលបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារតាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃបដិសេធមិនព្រមលក់ឱ្យ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនជ្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មានទំនាក់ទំនងអ្វីជាមួយជនជាតិអាហ្វ្រិកខាងត្បូងដូចដែលបានលើកឡើងនោះឡើយ ហើយក៏មិនដែលបានទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយពីប្រទេសថៃ ដូចបានលើកឡើងខាងលើនោះដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ឃើញថា គណនីហ្វេសប៊ុកខាងលើនេះតែងចុះផ្សាយរឿងមិនពិត ប្រឌិត បំផ្លើស បំភ្លៃ ឬចម្លងយកព័ត៌មានមិនពិតផ្សេងៗ ពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់យកមកចុះផ្សាយ ក្នុងចេតនាអាក្រក់ដើម្បីបង្អួចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារសម្តេច ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលផ្សេងៗទៀត តាមទម្លាប់ដែលបានធ្វើ កន្លងមកដើម្បីកាច់បំបាក់ប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំ ដែលទទួលបានការគោរពស្រឡាញ់និងគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងបានផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ទៀតថា រាល់សកម្មភាពរបស់បុគ្គលរូបនេះដែលបានធ្វើកន្លងមក ជាពិសេសរយៈពេលចុងក្រោយនេះ គឺបានបង្ហាញច្បាស់ពីអំពើក្បត់ជាតិ និងមានចេតនាបំផ្លាញជាតិខ្លួនឯង យ៉ាងចំហរដែលធ្វើឱ្យមហាជនទាំងក្នុងនិងក្រៅប្រទេសថ្កោលទោសយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក៏ដោយ ក៏បុគ្គល រូបនេះនៅតែបន្តភាពពិសពុលរបស់ខ្លួន តាមរយៈការផ្សាយព័ត៌មានមិនពិតមានចរិតញុះញង់ បំបែកបំបាក់ សាមគ្គីភាពជាតិខ្មែរដោយមិនព្រមកែប្រែឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា រាជរដ្ឋាភិបាលនៃគណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋខ្មែរ ជាពិសេស ឈរជារបាំងការពារយ៉ាងរឹងមាំ នៅពេលប្រទេសជាតិនិងប្រជាជនជួបការលំបាក៕ រក្សាសិទ្ធដោយ៖សុទ្ធលី


