Wednesday, September 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្តីវៀតណាម បញ្ជាក់ថា វៀតណាមគាំទ្រការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងចង់ឃេីញស្ថានការណ៍ព្រំដែនព្រំដែនកម្ពុជា ថៃ វិលមកល្អប្រសេីរវិញ

នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានមកបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាមនាពេលនេះ។
ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញនូវភាពរីករាយចំពោះទំនាក់ទំនងកាន់តែប្រសើរនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ឯកឧត្តមក៏បានជំរុញដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងវៀតណាមឈានដល់២០ពាន់លានដុល្លារ ខណៈពេលកន្លងមក ភាគីទាំងពីរសម្រេចបានគោលដៅ ១០ពាន់លានដុល្លាររួចហើយ។

ឯកឧត្ដម ក៏បានជំរុញពង្រីកវិស័យទេសចរណ៍នៃប្រទេសទាំងពីរធ្វើយ៉ាងណាឱ្យកើនឡើងថែមទៀតផងដែរ។ ឯកឧត្ដម ផាម មិញជីញ បានលើកឡើងថា នៅពេលឆាប់ៗខាងមុខនេះ ឯកឧត្ដមនឹងអញ្ជើញជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីសម្ពោធបើកច្រកអន្តរជាតិរួមគ្នាកម្ពុជា-វៀតណាម នៅចំណុចតំបន់ព្រំដែនច្រកម៉ឺនជ័យ។

សម្តេចតេជោ ក៏បានបង្ហាញការពេញចិត្តចំពោះការរីកចម្រេីនផ្នែកពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ ដែលជាផ្នែកនៃការបំពេញឲ្យគ្នាទៅវិញទៅមក។ ចំពោះវិស័យទេសចរណ៍ សម្តេចតេជោ រីករាយនឹងកំណេីនទេសចររបស់វៀតណាមនៅកម្ពុជា ដែលស្ថិតក្នុងលំដាប់លេខ ១ ហេីយទេសចរកម្ពុជា ក៏ទៅទស្សនាវៀតណាមច្រេីនដែរ ជាពិសេសទេសចរដែលទៅព្យាបាលជំងឺ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់មេដឹកនាំវៀតណាម អំពីជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវការអនុវត្តបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ហើយកម្ពុជា ប្រកាន់ជំហរចង់បានអ្នកសង្កេតការណ៍លេីបទឈប់បាញ់ ដើម្បីធ្វើយ៉ាងណាឱ្យមានការអនុវត្តកិចព្រមព្រៀងនេះ បានពេញលេញ និងមានប្រសិទ្ធភាព ព្រមទាំងធ្វេីឱ្យព្រំដែនកម្ពុជា និងថៃ អាចវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។

ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បញ្ជាក់ថា វៀតណាមគាំទ្រការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងចង់ឃេីញស្ថានការណ៍ព្រំដែនព្រំដែនកម្ពុជា ថៃ វិលមកល្អប្រសេីរវិញ។ ឯកឧត្តម ក៏នឹងខិតខំធ្វេីការជាមួយ ឯកឧត្តម អ៊ីនវ៉ា អ៊ីប្រាហីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា-ថៃ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់មានប្រសិទ្ធភាពពេញលេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×