Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហ​បុរី​សន្យា​ជួយ​ពង្រឹង​វិស័យ​កីឡា​នៅ​កម្ពុជា ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ SEA GAMES នៅ​ឆ្នាំ​២០២៣

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ថ្លែងថា កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សិង្ហ​បុរី ផ្ដោតលើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ការងារ​កីឡា និង​ចលនា​អូឡាំពិក ក្នុងនោះ​សិង្ហ​បុរី​នឹង​ជួយ​កម្ពុជា ក្នុងការ​ហ្វឹកហាត់​កីឡា​ថ្នាល និង​កម្រិត​ខ្ពស់ ចែករំលែក​លើ​វិទ្យាសាស្ត្រ និង​ពេទ្យ​កីឡា ការ​ប្រឆាំងនឹង​ការប្រើ​សារធាតុ Doping និង​ផ្តល់នូវ​បទពិសោធន៍​គ្រប់គ្រង រៀបចំ​ការប្រកួត​កីឡា​ធំៗ ពង្រឹងសមត្ថភាព​មន្ត្រី​កីឡា និង​កីឡាករ​កម្ពុជា ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​រៀបចំ​ប្រកួត​កីឡា SEA GAMES លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣​។​

​អនុស្សរណៈ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ជាមួយ​លោក TAN CHUON JIN សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​សិង្ហ​បុរី នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ប្រទេស​សិង្ហ​បុរី ដែលមាន​លោក SER MIENG សមាជិក​ប្រតិបត្តិ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ជា​សាក្សី​។​

​លោក ថោង ខុន បាន​បញ្ជាក់ថា ខ្លឹមសារ​រួម​នៃ​កិច្ចសហប្រតិបត្តិការ​នេះ គឺ​ផ្អែកលើ​គោលដៅ​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​កីឡា និង​ចលនា​អូឡាំពិក ផ្តល់​ការបណ្តុះបណ្តាល​ដល់ក​ម្ពុ​ជា ក្នុងការ​ហ្វឹកហាត់​កីឡា​ថ្នាល និង​កម្រិត​ខ្ពស់ ចែករំលែក​លើ​វិទ្យាសាស្ត្រ និង​ពេទ្យ​កីឡា ការ​ប្រឆាំងនឹង​ការប្រើ​សារធាតុ Doping និង​ផ្តល់នូវ​បទពិសោធន៍​គ្រប់គ្រង រៀបចំ​ការប្រកួត​កីឡា​ធំៗ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា អនុស្សរណៈ​នេះ​មាន​សារសំខាន់ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​កីឡា និង​កីឡាករ​កម្ពុជា ឆ្ពោះទៅ​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​រៀបចំ​ប្រកួត​កីឡា SEA GAMES លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×