Saturday, September 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ពិនិត្យនិងកែលម្អឯកសារយុទ្ធសាស្រ្តពង្រីកសេវាការអប់រំមធ្យមសិក្សាឆ្នាំ២០៣០

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យនិងកែលម្អឯកសារយុទ្ធសាស្រ្តពង្រីកសេវាការអប់រំមធ្យមសិក្សាឆ្នាំ២០៣០ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

មុនឈានចូលដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកការផ្តល់សេវាអប់រំមធ្យមសិក្សា ដែលមានគោលដៅបង្កើនការចូលរៀននៅមធ្យមសិក្សាទុតិយភូមិ និងបង្កើនអត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ ព្រមទាំងផ្តល់ដល់យុវជនកម្ពុជានូវចំណេះដឹងមុខវិជ្ជា ជំនាញ និងសមត្ថភាពសតវត្សទី២១ ដោយផ្អែកលើគោលនយោបាយ និងសមិទ្ធផលការងារ ១០ឆ្នាំកន្លងមក, យុទ្ធសាស្ត្រកម្ពុជា (SDG 4) ឆ្នាំ២០៣០, ផែនការយុទ្ធសាស្ត្រវិស័យអប់រំ (ESP) ឆ្នាំ២០២៤-២០២៨, ផែនទីបង្ហាញផ្លូវ ការអប់រំមធ្យមសិក្សា (CAMSEB) ឆ្នាំ២០៣០។

បន្ទាប់ពីពិនិត្យរបាយការណ៍ស្តីពីយុទ្ធសាស្ត្រពង្រីកសេវាការអប់រំមធ្យមសិក្សាឆ្នាំ ២០៣០ រួចមក កិច្ចប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលបន្ថែម និងគណនាពីការព្យាករណ៍តម្រូវការធនធាន ឆ្លើយតបនឹងយុទ្ធសាស្ត្រពង្រីកការអប់រំមធ្យមសិក្សាក្នុងរយៈពេលមធ្យម និងរយៈពេលវែង ។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារចុះទៅពិនិត្យជាក់ស្តែងដល់តំបន់ត្រូវពង្រីកការផ្តល់សេវាអប់រំមធ្យមសិក្សា និងរៀបចំបង្កើតជានិយាម ព្យាករណ៍អត្រាកំណើនសិស្ស និងព្យាករណ៍តម្រូវការគ្រូ , សូមធ្វើផែនការ ដោយផ្អែកលើគំរូនៃការអនុវត្តជាក់ស្តែងនៅសាលារៀនបច្ចុប្បន្ន និងរៀបចំបញ្ជីតម្រូវការធនធានសម្រាប់ពង្រីកមធ្យមសិក្សា។ ក្រសួងគ្រោងនឹងអនុវត្តសាកល្បងនូវយុទ្ធសាស្ត្រប្រែក្លាយសាលារៀនបឋមទៅអនុវិទ្យាល័យ និងប្រែអនុវិទ្យាល័យទៅជាវិទ្យាល័យ នៅសាលាគំរូមួយចំនួន ដើម្បីស្វែងយល់ និងបន្តកែលម្អយុទ្ធសាស្ត្រនេះឱ្យកាន់តែល្អប្រសើរ។

ដើម្បីបង្កើនអត្រាចូលរៀនឱ្យមាននិរន្តរភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការ ១) វិនិយោគបន្ថែមលើការសាងសង់អគារ និងការជ្រើសរើសគ្រូបន្ថែម ២) ត្រូវបង្កើនប្រសិទ្ធភាពនៃការអប់រំ ដោយត្រូវដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការបោះបង់ និងអត្រាគ្រោះថ្នាក់ ៣) ការពង្រឹងអភិបាលកិច្ចសាលារៀន និងកំណែទម្រង់សាលារៀនតាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ ៤) ការពង្រឹងគុណភាពបង្រៀន តាមយៈការកែលម្អជាប្រចាំគុណភាពនៃការបណ្ដុះបណ្ដាលគ្រូ ជាពិសេសធ្វើកំណែទម្រង់សាលាគរុកោសល្យ ៥) ការបង្កើនម៉ោងសិក្សា ការផ្តល់ការគាំទ្រដល់សិស្ស ដែលមានតម្រូវការ ដូចជាការផ្តល់អាហារូបករណ៍ អាហារូបត្ថម្ភ វិនិយោគលើកុមារតូច បឋមសិក្សា និងវិនិយោគលើសុខភាពសិក្សា ៦) ការលើកទឹកចិត្តឱ្យមាតាបិតាចូលរួម និងគាំទ្រដល់ការសិក្សារបស់សិស្ស៕រក្សាសិទ្ធដោយ៖សុទ្ធលី

×