ខេត្តកោះកុង ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ សូមជម្រាបជូនសាធារណជនជ្រាបថា៖ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១:២៥នាទីរសៀលនេះ នៅខេត្តកោះកុង ដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញ ប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។
គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៏ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ GBC។
សូមគូសបញ្ជាក់ផងដែរថា ក្រុមលេខាធិការដ្ឋាននៃភាគីទាំងពីរបានផ្លាស់ប្តូរឯកសារជាមុន ដើម្បីត្រៀម ពិភាក្សាក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងដំណើរ ការកិច្ចប្រជុំរបស់ខ្លួន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៨ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ហើយកម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


