បន្ទាប់ពីវីដេអូមួយបង្ហាញឲ្យឃើញសកម្មភាពអាជីវករផ្សារព្រៃទា ចាប់កោរសក់ និងប្រើអំពើហិង្សា ទៅលើចោរក្មេងស្រីជំទង់ម្នាក់ដែលត្រូវបានចោទជាចោរលួចទូរស័ព្ទ ត្រូវបានចែកចាយពេញបណ្តាញសង្គម ដែលធ្វើឲ្យមហាជនភាគច្រើនរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពល្មើសច្បាប់នេះ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ ក៏បានបញ្ជូនកម្លាំងចុះទៅស៊ើបអង្កេត ដើម្បីឃាត់ខ្លួនជនបង្កហិង្សាទាំងនោះ ចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា៖ «យើងសុំគោលការណ៍ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងទទួលបន្ទុក និងឯកឧត្តមស្នងការ ដើម្បីបញ្ជូនជនសង្ស័យទាំង៤នាក់ ឡើងតុលាការ និងដើម្បីឱ្យពួកគាត់ស្គាល់ពីនីតិវិធីច្បាប់តែប៉ុណ្ណោះ និងឈប់ប្រើហិង្សាបន្ដទៀត។
លោកអធិការបានបន្តថា ករណីនេះត្រូវបានធ្វើឡើង ដើម្បីលើកកម្ពស់ច្បាប់ និងសេចក្តីថ្លៃថ្នូរ ។ ព្រោះពលរដ្ឋមានសិទ្ធិត្រឹមតែចាប់បញ្ជូនជនសង្ស័យទៅ នគរបាលយុត្តិធម៌ ដើម្បីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតែប៉ុណ្ណោះ ។
លោកក៏បានពន្យល់បន្ថែមថា៖ ក្មេងស្រីដែលត្រូវបានចោទលួចទូរស័ព្ទនេះ បើនិយាយអំពីទោសវិញ គឺទោសពីបទលួច ប៉ុន្ដែ ការប្រើហិង្សា ឬប្រើតុលាការប្រជាជនបែបនេះ គឺខុសនីតិវិធីច្បាប់ទាំងស្រុងតែម្តង ។ ហេតុដូច្នេះ សកម្មភាពប្រើប្រាស់អំពើហិង្សាបែបនេះ មិនអាចបណ្ដែតបណ្ដោយឲ្យកើតមានក្នុងរូបភាពបែបនេះទៀតបាននោះទេ ។
សូមបញ្ជាក់ថា ក្មេងស្រីដែលរងការចោទជាចោរ និងត្រូវបានធ្វើទារុណកម្មលើរូបរាងកាយកាលពីថ្ងៃទី១៣ កញ្ញានោះ បច្ចុប្បន្ន សមត្ថកិច្ចក៏កំពុងធ្វើការស្រាវជ្រាវ ដើម្បីកោះហៅមកសួរនាំរឿងរ៉ាវនេះដូចគ្នាផងដែរ បន្ទាប់ពីនាងត្រូវបានដោះលែងទៅវិញ ក្រោយពេលត្រូវបាន «ផ្តល់មេរៀនយ៉ាងអាក្រក់» បង្កឲ្យមានការរិះយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ៕ ឧត្តម