មានរឿងរ៉ាវមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកចោមរោមមើលយ៉ាងច្រើនកុះករ បន្ទាប់ពីស្ត្រីបរទេសមានរូបសម្រស់ស្អាតម្នាក់ ត្រូវបានចោរលួចវះកាបូបរបស់នាង និងគេចខ្លួនដោយសុវត្ថិភាព នៅក្នុងទឹកដីនៃប្រាសាទអង្គវត្ត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Seng Ngoun បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃហេតុការណ៍នេះ និងព្រមទាំងសារសរសេរយ៉ាងដូច្នេះថា៖ «ពុកម៉ែបងប្អូននិងភ្ញៀវបរទេសទេសចរណ៍ មកដើរលេងក្នុងប្រាសាទអង្គរយើង សូមប្រុងប្រយ័ត្នកាបូបលុយកាក់នឹងទូរស័ព្ទផង មួយរយៈពេលនេះ ករណីចោរលួចអីវ៉ាន់ ហាក់ដូចជាមានការកើនឡើង ញ៉ុមស្រណោះតែអ្នកដែលបាត់របស់គាត់ណាស់ ។ 14.09.18» ។
ទោះយ៉ាងណា ស្រ្តីទេសចរណ៍រងគ្រោះ ពុំត្រូវបានគេបញ្ជាក់ឲ្យដឹងថា នាងបានបាត់បង់ទ្រព្យសម្បត្តិអស់ប៉ុន្មាន ឬ ក៏កាបូបរបស់នាងគ្រាន់ដាច់រហែកប៉ុណ្ណោះ យ៉ាងណានោះទេ ។
ភ្ជាប់ជាមួយនឹងហេតុការណ៍គួរឲ្យសោកស្តាយនេះផងដែរ ឃើញថាមានអ្នកមនុស្សជាច្រើនបានបញ្ចេញខមិនចំអកចំៗទៅនឹងពួកអ្នកគាំទ្រ ឬកាន់កាន់ជើងចោរ ក៏ដូចជាសមត្ថកិច្ចផងដែរ ដែលបានចាត់វិធានការចំពោះពួកអ្នកព្រឹត្តអំពើហិង្សាល្មើស ទៅលើចោរ ជាពិសេសថ្មីៗនេះ នៅក្នុងករណីក្មេងស្រីជំទង់ម្នាក់ដែលត្រូវបានអាជីវករផ្សារព្រៃទា៤នាក់ ព្រួតចាប់ប្រើអំពើហិង្សា និងកោរសក់ បន្ទាប់ពីចោទប្រកាន់លួចទូរស័ព្ទ ។
អ្នកលេងហ្វេសប៊ុកម្នាក់បានលើកឡើងជាកង្វល់ថា៖ «បើសមត្ថកិច្ចគ្មានសមត្ថភាពទប់ស្កាត់ទេ បន្តិចទៀតលែងមានភ្ញៀវមកលេងហើយៗ ដល់ពេលនោះអ្នកស្លាប់គឺរាស្ត្រ» ។
អ្នកលេងហ្វេសប៊ុកម្នាក់ទៀតឈ្មោះ ចាន់ ធីម ដែលជាអ្នកដឹកភ្ញៀវ ក៏បានចូលរួមបញ្ចេញមតិយោបល់ បានប្រាប់ឲ្យដឹងផងដែរថា៖ «នឹងហើយកាលពីព្រឹកមិញវាបានធ្វើសកម្មភាពមកលើភ្ញៀវខាងខ្ញុំដែរ» ។
បើតាមអ្នកលេងហ្វេសប៊ុក នោះហេតុការណ៍ដូចៗគ្នានេះ ពុំត្រឹមតែកើតឡើងនៅក្នុងបរិវេណប្រាសាទអង្គរវត្តប៉ុណ្ណោះទេ គឺនៅខាងប្រាសាទបាយ័ន្ត ក៏ញឹកញាប់ផងដែរ ៕ ចន្ទី