ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលតាមវត្តអារាម នៅក្នុងមូលដ្ឋានរបស់ខ្លួន ថាតើនៅតាមវត្តអារាមទាំងនោះ មានចង្ហាន់គ្រប់គ្រាន់ប្រគេនដល់ព្រះសង្ឃទេ បើខ្វះយើងបំពេញបន្ថែមនៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ ពីព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់ជាមួយការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ដោយធានាថាមិនមានបញ្ហាអ្វីកេីតឡេីងឡើយ នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ។
ការណែនាំបែបនេះបានធ្វើឡើង ខណៈឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ អំពើធាក់ប្លន់យកម៉ូតូបានកើតមានហើយ បើទោះបីវា មិនបានកើតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែវាក៏នៅខេត្តជាប់នឹងភ្នំពេញដែរ ដែលយើងត្រូវយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ ដើម្បីកុំឱ្យបទល្មើសបែបនេះ កើតមាននៅរាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ រឿងសន្តិសុខ ត្រូវតែការពារជាប់ជាប្រចាំ រឿងដដែលៗនេះ កុំឱ្យគេដាស់ទឿនជាប្រចាំពេក។ការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋត្រូវតែធានាបាន១០០ភាគរយ។ ការពិនិត្យរដ្ឋបាល ពិនិត្យជាតិផ្ទុះត្រូវតែធ្វើឡើងជាប្រចាំ តែសូមជៀសវាងធ្វើកុំឱ្យប៉ះសន្តិអារម្មណ៍ប្រជាពលរដ្ឋនៅពេលអនុវត្តកិច្ចការងារនេះ។
បន្ថែមពីនេះ ពាក់ព័ន្ធនឹង អំពើឆបោកតាមអនឡាញ ឬហៅថា online scam ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីលុបបំបាត់ ដោយត្រូវដាក់កម្លាំងតាមដាននៅតាមទីតាំង ដែលមានការសង្ស័យ ដូចជានៅតាមបុរីនិងខុនដូជាដើម។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ បើនិយាយពីonline scam គេបានផ្តោតមុខសញ្ញាទៅលើជនជាតិចិន តែពេលនេះ ជនជាតិកូរ៉េ និងខ្មែរយើងក៏មានដែរ ដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការបង្ល្រាប។
បន្ថែមពីនេះ ក្នុងកិច្ចប្រជុំនេះដែរការងារដោះស្រាយបញ្ហាលិចលង់ ក៏ជាប្រធានបទធំមួយ ដែលឯកឧត្ដម ឃួង ស្រេងជំរុញឱ្យអាជ្ញាធរខណ្ឌនិងមន្ត្រីជំនាញយកចិត្តទុកដាក់ ដើម្បីដោះស្រាយ។
ជាមួយគ្នានេះដែរលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ សំរាប់បុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ ស្នងការដ្ឋាននគរបាលរាជធានីបានប្រើប្រាស់កម្លាំងប៉ូលីស សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរជូនប្រជាពលរដ្ឋចំនួន១៦ថ្ងៃ។ ដោយឡែកសំរាប់ពិធីបុណ្យកឋិនទាន ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨តុលា ដល់ថ្ងៃទី០៨ វិច្ឆិកាឆ្នាំ២០២៥ ដែលមានរយៈពេល២៩ថ្ងៃ យើងក៏បានត្រៀមកម្លាំងរួចរាល់ ទាំងការសម្រួលចរាចរ ការរៀបចំសណ្តាប់ធ្នាប់នៅតាមទីផ្សារនិងនៅតាមវត្តអារាម ជាមួយនិងការល្បាត ពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





