កំពង់ស្ពឺ៖ ដោយបានដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌ ឆ្នាំ២០២៥ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំដោយលោកវរសេនីយ៍ឯក ជា វណ្ណា នាយការិយាល័យនិងបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យបានសហការជាមួយកំលាំងនគរបាលស្រុកសំរោងទងស្រាវជ្រាវនិងល្បាតក្នុងភូមិសាស្រ្ដឃុំត្រពាំងគង ស្រុកសំរោងទង បានឃើញជនសង្ស័យជាក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងម៉ាកហុងដាC125២គ្រឿងនិងម៉ាកនិច១គ្រឿងមានកាំបិតផ្កាក់៣និងដាវ១ដេញកាប់ជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាC125ស៊េរី ២០២២ព ណ៌ខ្មៅគោលបំណងប្លន់យកម៉ូតូ។
ភ្លាមនោះកម្លាំងល្បាតបានអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យ២នាក់៖ ១.ឈ្មោះ ធី ស៊ីធុយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរសិស្ស ២.ឈ្មោះ មឿន ភក្ត្រា ហៅ ភ័ក្រ្ក ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរកម្មកររោងចក្រ ដកហូតវត្ថុកាំបិតផ្គាក់១ ម៉ូតូហុងដាC125 ឆ្នាំ២០២១ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ1T.9088 ដោះទុកក្រោមកែប ជនសង្ស័យបានសារភាពថាមុនពេលធ្វើសកម្មភាពពួកខ្លួនទាំង៦នាក់បានមកពីផឹកស៊ីនិងប្លន់យកម៉ូតូបានតាមផ្លូវមួយគ្រឿង។
ដោយបានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សុិន វិរៈ ព្រះរាជអាជ្ញា ខេត្ដកំពង់ស្ពឺ និងការឯកភាពពីអយ្យការខេត្តកណ្តាលបានសហការជាមួយកំលាំងអធិការដ្ឋានស្រុកនគរបាលអង្គស្នួល ធ្វេីការស្រាវជ្រាវឃាត់ខ្លួនបក្ខពួក៤នាក់ទៀត ១.ឈ្មោះ អេង វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីប្លន់ម៉ូតូ ២.ឈ្មោះ អ៊ីម សុវណ្ណាថាច់ ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ វ៉ាត់ ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ ៤.ឈ្មោះភាព មនា ភេទប្រុសអាយុ១៥ឆ្នាំ។ ដកហូតបានម៉ូតូហុងដាC125២០១៧ ពណ៌ខ្មៅលេខភ្នំពេញ1GG.0575 និងបន្ដសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌកំបូលនិងនគរបាលក្រុងតាខ្មៅឃាត់ខ្លួនបក្ខចំនួន៣នាក់ទៀត ១.ឈ្មោះ សុខ ធី ភេទប្រុស អាយុ ១៧ឆ្នាំ ២.ឈ្មោះ ផល ចំរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ ឆេន ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផលអធិការនគរបាលស្រុកសំរោងទងដែលចូលរួម ក្នុងប្រតិបត្ដិការឆ្លងខេត្ដ ថាសមត្ថកិច្ចធ្វេីការដកហូតបានម៉ូតូសរុបចំនួន៤គ្រឿងដាវ១ កាំបិតផ្គាក់១ និងជនសង្ស័យ៩នាក់ បញ្ជូនមកការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ចាត់ការតាមច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី














