ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង និងក្រុមគ្រួសារ ព្រមទាំងឯកឧត្ដមនិងលោកជំទាវជាអភិបាលរងរាជធានីរួមជាមួយនិងសមាជិកក្រុមប្រឹក្សារដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ កញ្ញានេះ បានដឹកនាំ អភិបាលនិងអភិបាលរងខណ្ឌទាំង១៤ មន្ត្រី និងមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តប្រសិទ្ធីរីម្នារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវព្រមទាំង ព្រមទាំងឯកឧត្ដមនិងលោកជំទាវជាអភិបាលរងរាជធានី រួមជាមួយនិងសមាជិកក្រុមប្រឹក្សារដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញ រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានបែកកាយ រំលាយឋានទៅកាន់បរលោកខាងមុខនិងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីចោរសៀមឈ្លានពាន។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះវិស័យព្រះពុទ្ធចក្រ ក៏មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌវេនទី១៣នាព្រឹកថ្ងៃទី២០កញ្ញានេះ ឯកឧត្ដម ឃួង ស្រេង និង លោកជំទាវបានវេប្រគេននូវទ័យវត្ថុ និង គ្រឿងឧបភោគ បរិភោគជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ និងប្រគេនដល់វត្តដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនៃវត្តប្រសិទ្ធីរីម្នារាមនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
































