សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ូកធឺ បេកគី (Wouter Beke) ប្រធានគណៈប្រតិភូសភាអឺរ៉ុប និងជា សមាជិកសភាអឺរ៉ុប នៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ តាងនាមប្រជាជនកម្ពុជាចំនួន ១៧ លាននាក់ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសភាអឺរ៉ុប ដែលបានចេញនូវសេចក្ដីថ្លែងការណ៍គាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ និងបានតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានសម្រេចបន្ថែមនៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ។ កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម វ៉ូកធឺ បេកគី បានរំលឹកពីខួបអនុស្សាវរីយ៍លើកទី៣១ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសភាអឺរ៉ុប។ អស់រយៈពេលជាង៣ទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនង ភាពជាដៃគូកម្ពុជា អឺរ៉ុប មានភាពរឹងមាំ និងរីកចម្រើន រួមនឹងកិច្ចសហប្រតិបត្តិការដ៏ច្រើនស្ទើរតែគ្រប់វិស័យរួមមាន៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពល អប់រំ ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ បច្ចេកវិទ្យា ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ។
ឯកឧត្តម វ៉ូកធឺ បេកគី ថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់ព័ត៌មាន ពីជម្លោះព្រំដែនកម្ពុជានិងថៃ។ សភាសហភាពអឺរ៉ុបនឹងតាមដានករណីនេះដោយយកចិត្តទុកដាក់។
សម្តេចរដ្ឋសភាធិបតី និង ប្រធានគណៈប្រតិភូសភាអឺរ៉ុប ដែលទទួលបន្ទុកលើការងារ ទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ថាទំនុកចិត្តនិងការជឿជាក់គ្នាទៅវិញទៅមកជាធ្លុងមួយ ជាកាតាលីករ កសាងពិភពលោកមួយប្រកបដោយបរិយាន្ន និងចីរភាព។ ការពង្រឹងកិច្ចការការទូតសភា និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ ដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការកសាងទំនុកចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ និងការឯកភាពគ្នា ដើម្បីជំរុញការផ្លាស់ប្តូរវិជ្ជមាន និងស្វែងរកដំណោះស្រាយរួម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








