នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅក្នុងទីក្រុងគូឡាឡំាងពួ ប្រទេសម៉ាឡេស៊ី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាវ៉ាង ប៊ីមី អាវ៉ាង អាលី បាសា (Awang Bemee Awang Ali Basah) ប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី។
នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏ល្អនៃប្រទេសទំាងពីរដែលមកដល់ពេលនេះបានឈានដល់ខួបទី៦៨។ អស់រយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បាននាំមកនូវលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់នៅគ្រប់វិស័យ។ ភាពជាដៃគូដែលចាក់ឫសយ៉ាងជ្រៅនេះ ឆ្លុះបញ្ចាំងពីការជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក ហើយបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរួមសាមគ្គីគឺជាផ្លូវឆ្ពោះទៅមុខសម្រាប់អនាគតប្រជាជាតិអាស៊ានទាំងមូល។
សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតទំាងស្ថាប័ននីតិប្បញ្ញត្តិ ទាំងនីតិប្រតិបត្តិ ពិសេសការជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ រវាងប្រទេសទំាងពីរ។
ជាថ្មីម្តងទៀតក្នុងនាមពលរដ្ឋកម្ពុជាជាង១៧លាននាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសភានិងរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីដែលបានខិតខំស្វែងរកដំណោះស្រាយជម្លោះពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការថែរក្សាសុខសន្តិភាព និងអនុវត្តបទឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ក្រោមការដឹកនាំផ្ទាល់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលផ្តួចផ្តើមដោយ ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក ចូលរួមសង្កេតការណ៍ដោយបណ្តាប្រទេសជាមិត្តមានប្រទេសចិនជាដើមនោះ។ កិច្ចខិតខំប្រឹងប្រែងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ីក្នុងការថែរក្សាស្ថិរភាពតំបន់ និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថាការអនុវត្តបទឈប់បាញ់មានភាពផុយស្រួយជាខ្លំាង។ កងកម្លាំងថៃនៅតែបំពានដោយផ្ទាល់ និងប្រយោលមកលើកិច្ចព្រមព្រៀង។ កងកម្លាំងថៃបានចូលលុកលុយមកលើទឹកដីស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងបានដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតាមព្រំដែនជាដើម។
ឯកឧត្តម អាវ៉ាង ប៊ីមី អាវ៉ាង អាលី បាសា (Awang Bemee Awang Ali Basah) បានស្តាប់ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា យ៉ាងយកចិត្តទុកនិងបានវាយតម្លៃខ្ពស់ចំពោះការអត់ធ្មត់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរបស់កម្ពុជា។ ឯកឧត្តមប្រធានព្រឹទ្ធសភា មានជំនឿយ៉ាងមុតមាំថាបញ្ហា ជម្លោះព្រំដែនកម្ពុជាថៃ នឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗ ដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជូនពលរដ្ឋនៅក្នុងតំបន់អាស៊ាន ស្របតាមចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥៕រក្សាសិទ្ធដោយ៖សុទ្ធលី














