ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហាញអត្តសញ្ញាណជនដៃដល់ដែលបានធ្វើការបាញ់ប្រហារបណ្តាលឱ្យស្លាប់ និងរបួសមនុស្ស ៤នាក់ នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខែត្តកំពត។ សមត្ថកិច្ចនឹងជូនថវិកាចំនួន ៤លានរៀល សម្រាប់ការផ្តល់ព័ត៌មានឈានទៅដល់ការឃាត់ខ្លួនជនដៃដល់រូបនេះ និងធានាការរក្សារការសម្ងាត់ជូន។
ប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ករណីហិង្សាឈានទៅដល់ការផ្ទុះអាវុធនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាសជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុពីរនាក់ស្រី រងរបួសធ្ងន់ពីនាក់ប្រុស ជនដៃដល់កំណត់អត្តសញ្ញាណបាន ។
សាក្សីកន្លែងកើតហេតុ អោយដឹងថា ជម្លោះកើតឡើងដោយសារជនរងគ្រោះបាននាំគ្នាអាំងសាច់ផឹកស៊ីនៅមុខផ្ទះ ពេលនោះ សត្វឆ្កែបានពាំសាច់អាំងរត់ ហើយជនរងគ្រោះបានដេញគប់សត្វឆ្កែ តែបែរជាទៅត្រូវចំប្រពន្ធរបស់ជនដៃដល់ដែលនៅក្បែរនោះ ហើយស្រ្តីនោះក៏បានទូរស័ព្ទទៅប្រាប់ប្តីដែលជាជនដៃដល់ មួយសន្ទុះក្រោយមក ជនដៃដល់បានជិះម៉ូតូមកដល់មិនបាននិយាយអ្វីទាំងអស់ ក៏ទាញកាំភ្លើងវែងបាញ់រះជាង២០គ្រាប់បណ្តាលឲ្យជនរងគ្រោះស្លាប់និងរបួស៤នាក់ ហើយគេចខ្លួនបាត់តែម្តង។
ជនសង្ស័យដែលបាញ់រះ គឺជាទាហាន ស្រាប់តែបាញ់រះ លើប្រជាជនដែលកំពុងជួបជុំផឹកស៉ីនៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2025 នៅវេលាម៉ោង 9:00 នៅភូមិ ស្រែព្រៃ ឃុំ វត្តអង្គ ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










