ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលនេះមានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ”។
ក្រសួងការពារជាតិសូមគូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងខាងលើនោះទេ។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់យើង បានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនា ចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០ នាទីរសៀល ហើយនៅវេលាម៉ោង ១៤:១៦ នាទីរសៀល ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។
ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេចបាននៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី
