ព្រះសីហនុ៖ បុរស៣នាក់បានលង់ទឹកសមុទ្រ និងបាត់ខ្លួន ខណៈចុះលេងស្របពេលមានខ្យល់បក់ខ្លាំង មានរលកធំៗ បណ្តាលឲ្យលង់ទឹក បើគិតមកដល់យប់នេះសមត្ថកិច្ចចម្រុះរកឃើញសព៣នាក់ ។
ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ម្តុំឆ្នេរដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ។
សមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាចុះលេងទឹកស្របពេលមានខ្យល់ខ្លាំង និងរលកធំៗក៏បណ្តាលឲ្យម្នាក់បានលង់ទឹក ហើយពីរនាក់ទៀតបាននាំគ្នាចុះជួយតាមក្រោយប៉ុន្តែជាអកុសល ត្រូវបានរលកបោកបណ្តាលឲ្យលង់ទាំងអស់គ្នា។
សមត្ថកិច្ចបានបន្ថែមថា បើគិតមកដល់ម៉ោង៧យប់ ថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចចម្រុះបានស្វែងរកឃើញសាកសពពីរនាក់ហើយ ដោយឡែកនៅម្នាក់ទៀតកម្លាំងកំពុងបន្តស្វែងរកនៅមិនទាន់ឃើញនៅឡើយ។
ជនរងគ្រោះទាំងបីខាងលើរស់នៅភូមិភ្នំតូចឃុំបឹងតាព្រហ្មស្រុកព្រៃនប់ ខេត្តព្រះសីហនុ មាន ១.ឈ្មោះម៉េន ម៉េត ភេទប្រុស២. ឈ្មោះ អ៊ុន វិត និង៣. ឈ្មោះ នឿន រ៉ានុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី





