ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំដែងការសោកស្តាយ និងសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះដែលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទទួលរងបរិមាណទឹកភ្លៀងរហូតដល់៩៣,៦៤មីលី្លម៉ែត្រដែលជាបរិមាណមួយដ៏សម្បើមនៅពេលរាជធានីភ្នំពេញអាចធានាបានតែប្រមាណ៤០៤មីលី្លម៉ែត្រតែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៧២១គ្រួសារ ដែលរស់នៅក្នុងសហគមន៍ភូមិអណ្ដូងទី៤ អណ្ដូងទី៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលកំពុងជួបនឹងគ្រោះធម្មជាតិ ដោយប៉ុន្មានថ្ងៃនេះទឹកជំនន់ទឹកភ្លៀងបានធ្លាក់មកខ្លាំង បានធ្វើអោយតំបន់នេះរងការជន់លិចខ្លាំង។
រដ្ឋបាលរាជធានីបាននិងកំពុង អនុវត្តគម្រោងការងារជីកប្រឡាយដាក់លូសម្រេចបាន៨០ភាគរយ និងសង្ឃឹមថាតំបន់នោះលែងលិច បន្ទាប់ពីអនុវត្តគម្រោងចប់រួចរាល់ជាស្ថាពរ។
លោកឃួង ស្រេង បានបង្ហាញពីការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរសង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញក៏ដូចមន្ទីរជំនាញដើម្បី បើកមុខទឹករំដោះជំនន់ទឹកភ្លៀងនេះចេញពីភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។ប៉ុន្តែការ ងារនេះនៅតែមិនទាន់បានឆ្លើយតបបានទាន់ពេលវេលានៅឡើយដោយសារតែ ទឹកហូរធ្លាក់មកពីប៉ែកខាងកំពង់ស្ពឺយ៉ាងគំហុកចាក់មកភូមិសាស្ត្ររាជធានីភ្នំពេញ។តែទោះបីយ៉ាងណា អាជ្ញាធរមិនបានព្រងើយកន្តើយក្នុងការចាត់វិធានការ ដោះស្រាយសំរាប់ប្រជាពលរដ្ឋយើងឡើយ ជាពិសេសការគិតគូខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះនៅគ្រប់ទីកន្លែង។
លោកសុខ សម្បត្តិ អភិ បាលខណ្ឌព្រែកព្នៅ បានឲ្យដឹងដែរថា ពេលនេះក្នុងខណ្ឌព្រែកព្នៅ មានសង្កាត់ចំនួន២ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងគឺសង្កាត់សំរោង មាន២៨គ្រួសារ,សង្កាត់គោករកា ដែលិចខ្លាំងមានរហូតដល់៧២១គ្រួសារក្នុងនោះក៏មានភូមិ អណ្តូង៤ និងអណ្តូង៦ផងដែរ៕ ដោយ ៖ កូឡាប