ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៖ “ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប (២៤ កញ្ញា ១៩៩៨ -២៤ កញ្ញា ២០២៥)។
ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នោះទេ តែខ្ញុំគួរតែបញ្ជាក់ថា ប្រសិនពេលនោះខ្ញុំស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះឈ្នះបានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាប និងមានអ្នកនយោបាយជាច្រើននឹងត្រូវស្លាប់។
គិតពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយ និងសង្ឃឹមថានឹងរស់បានតិចបំផុត២៧ឆ្នាំបន្តទៀត។
ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំ និងក្រោម៥០ឆ្នាំ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី


























