ភ្នំពេញ៖រយៈពេល ៦ថ្ងៃ នៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានប្រជាពលរដ្ឋប្រមាណជិត១០ម៉ឺននាក់បានទទួលការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី២៥ កញ្ញានេះថា៖ រយៈពេល ៦ថ្ងៃ មានប្រជាពលរដ្ឋសរុបចំនួន ៩២.៥២១នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ។ បើធៀបនឹងរដូវភ្ជុំឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៧១.៣៦០នាក់ គឺឆ្នាំនេះ កើនឡើងប្រមាណ ៣០%។
លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ អ្វីដែលល្អថែមទៀតនោះ គឺប្រជាពលរដ្ឋដែលជិះរថយន្តក្រុងមានសុវត្ថិភាពល្អ មិនមានគ្រោះថ្នាក់ចរាចរនោះទេ ពោលគឺសុវត្ថិភាព១០០ភាគរយ។
ប្រជាពលរដ្ឋដែលនាំគ្នាជិះរថយន្តក្រុងសាធារណៈចំណេញថវិកាផ្ទាល់ខ្លួនម្នាក់ៗប្រមាណ៨ម៉ឺនរៀលឬ២០ដុល្លារអាមេរិកដោយមិនបានចំណាយដល់ការធ្វើដំណើរដោយរថយន្តឈ្នួលរបស់ក្រុមហ៊ុនឯកជន។
ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរជាដើមនេះ មានកំណើនកើនឡើងជាលំដាប់។ ការកើនឡើងពីចំនួនអ្នកជិះរថយន្តក្រុងសាធារណៈនេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពផងដែរ។
ជាក់ស្តែងដូចនេះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្តក្រុងគឺសុវត្ថិភាព១០០ភាគរយតែម្តង។
គួរបញ្ជាក់ថា៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ សំរាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖១-រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ ២-រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅលេងស្រុក កំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧គោលដៅ ព្រមទាំងបាន រៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






















