ភ្នំពេញ ៖ ទោះបីក្រសួងខំលាក់បាំងរឿងអាស្រូវផ្ទៃក្នុង យ៉ាងណាក្ដី ហើយអ្នកនាំពាក្យក្រសួងអប់រំ បានសុំទោសចំពោះបេក្ខជន មាតាបិតា អាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធ ចំពោះកំហុស កើតឡើងដោយសារកម្មវិធីកុំព្យូទ័រ នៅក្នុងពេលដំណើរការបូកសរុបពិន្ទុបេក្ខជនប្រឡងបាក់ឌុប មិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យាក្ដី។
ប៉ុន្តែករណីត្រូវបានមជ្ឈដ្ឋាននានាបញ្ចេញមតិថា មិនមែនជាកំហុសបច្ចេសទេ គឺមកពីមន្ត្រីថ្នាក់ក្រោមមិនស្តាប់រដ្ឋមន្ត្រីក្រសួងអប់រំ លែងបានលាភសក្ការក្នុងពេលប្រឡង ទើបធ្វើឲ្យមានកំហុស ចោទដាក់កុំព្យូទ័រ ដើម្បីឲ្យរដ្ឋមន្ត្រីដួលបះជើង។
ពាក់ព័ន្ធនឹងករណីនេះដែរ មជ្ឈដ្ឋាននានា បានបញ្ចេញមតិថា លោករដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើកំណែទម្រង់លើវិស័យអប់រំនេះ
បានយ៉ាងល្អប្រសើរ ប៉ុន្តែការកែទម្រង់នោះ គឺកែតែខាងលើ ចំណែកឯខាងក្រោម មិនបានកែតាមបទបញ្ជារបស់លោករដ្ឋមន្ត្រីនោះទេ។
ករណីនេះគេឃើញលោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ចេញមកប្រាប់ថា កំហុសនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានផ្ដាំសុំទោសបេក្ខជនប្រឡង មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងករណីនេះ ។ យើងមិនចង់ឱ្យមានបញ្ហានេះទេ ។ វាកើតឡើងព្រោះបច្ចេកទេសកំព្យូទ័រ ហើយ យើងបានប្រជុំ ដើម្បីមិនឱ្យមានបញ្ហានេះកើតឡើងទៀតឡើយ ។
តែប្រភពខាងក្រៅបានបន្តថា ខាងលើបានខិតខំប្រឹងប្រែងធ្វើការ រីឯខាងក្រោមមិនបានធ្វើតាមទេ បានន័យថា នាឆ្នាំកន្លងមក មុនពេលធ្វើកំណែងទម្រង់វិស័យអប់រំ៥ឆ្នាំចុងក្រោយនេះ គឺពួកគេជាមន្ត្រីថ្នាក់ក្រោមបានលាបសក្ការះខ្លះៗក្នុងពេលប្រឡង ជាថ្នូរនឹងបេក្ខជនប្រឡងជាប់បាក់ឌុប។ ប៉ុន្តែក្នុងពេលកំណែទម្រង់ពួកមន្ត្រីថ្នាក់ក្រោមទាំងនោះ លែងបានផលប្រយោជន៌ពីការប្រឡងទើបពួកមន្ត្រីថ្នាក់ក្រោមទាំងនោះ មិនធ្វើតាមលោករដ្ឋមន្ត្រី ទើបពួកគេធ្វើឲ្យមានកំហុស ។
ករណីនេះមិនមែនជាករណីកំហុសបច្ចេកទេសកុំព្យូទ័រទេ គឺជាកំហុសមន្ត្រីជាក់ស្តែងតែម្តង ដោយសារពួកគេបាត់ប្រយោជន៍ ដូចនេះហើយ ទើបមន្ត្រីទាំងអស់នោះ ធ្វើឲ្យរដ្ឋមន្ត្រីធ្លាក់ទឹក។ ប្រភពដដែល បានស្នើដល់មន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រីអប់រំ មេត្តាធ្វើកិច្ចការអ្វីឲ្យស៊ីសង្វាក់គ្នា ហើយម្យ៉ាងទៀត កុំធ្វើអ្វីគេសរសើរតែលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ។ចំណែកមន្ត្រីខាងក្រោម មិនមានអ្នកសរសើរនោះទេ ដូច្នេះហើយទើបធ្វើឲ្យ លោករដ្ឋមន្ត្រីក្រសួងអប់រំ ដួល ផ្ងារជើងមួយក្បាច់នេះជាបទពិសោធន៍សម្រាប់ក្រសួងផ្សេងៗទៀតយកទុកជាគំរូ។
លោកផែង វណ្ណៈ ដែលជាអ្នកតាមដានលើបណ្តាញសង្គម បាននិយាយថា តើមានរដ្ឋមន្ត្រីប៉ុន្មាននាក់ ដែលហ៊ានទទួលយកកំហុសឆ្គងហើយសុំទោសប្រជាជន ដូច ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ? សូមគាំទ្រ ឯកឧត្ដម រដ្ឋមន្ត្រី ដែលទទួលយកចំណុចខ្វះខាតដើម្បីកែលម្អឲ្យប្រសើរឡើងនៅពេលក្រោយ ៕ ដោយ ៖ កូឡាប