Friday, September 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើបទបង្ហាញស្តីពីការវិវត្តនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយសមាជិកអង្គទូត ដែលមាននិវេសនដ្ឋានក្នុងនិងក្រៅប្រទេសកម្ពុជា ព្រមទាំងតំណាងមកពីទីភ្នាក់ងារអង្គការសហ ប្រជាជាតិ ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ នៅក្នុងជំនួបនោះ ក៏មាន វត្តមានចូលរួមរបស់តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោកជំទាវ អ៊ាត សោភា បានលើកឡើងថា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងការឯកភាពគ្នារវាងភាគី កម្ពុជានិងថៃលើលក្ខខណ្ឌនៃបទឈប់បាញ់នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន រហូត សម្រេចបាននូវការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ចំនួន៤ដង និងកិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ប្រកបដោយ ជោគជ័យ នៅក្នុងជំនួបទាំងនោះ កម្ពុជាតែងតែបានបង្ហាញនូវសុឆន្ទៈក្នុងការស្វែងរកវិធានការ ជាក់ស្ដែងដើម្បីកាត់បន្ថយភាពតានតឹង លើកកម្ពស់ការជឿជាក់ ទៅវិញទៅមក និងស្តារឡើងវិញនូវ ប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសនិងប្រជាជនទាំងពីរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង លោកជំទាវ អ៊ាត សោភា បានជម្រាបជូនថា ក្រុម ការងារទទួលបន្ទុកកិច្ចការដោះមីនមនុស្សធម៌ និងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា និងបានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួន ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) លោកជំទាវក៏បានបញ្ជាក់ផងដែរថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តសម្របសម្រួលជាមួយភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ឱ្យបានទាន់ពេលវេលាបើទោះបីជាភាគីថៃមានការលំបាកដោយសារការកែសម្រួលនិងការផ្លាស់ប្តូរថ្នាក់ដឹកនាំតាមបណ្ដាយោធភូមិភាគ
របស់ខ្លួនយ៉ាងណាក៏ដោយ។

បើទោះបីជាមានការវិវត្តជាវិជ្ជមានគួរឱ្យកត់សម្គាល់ដូចបានរៀបរាប់ខាងលើ លោកជំទាវ អ៊ាត សោភា បានបង្ហាញពីការសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្ត ស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃមួយចំនួនបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជនជាតិ និងអន្តរជាតិ អំពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ និង ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មាន ទ្វេភាគីមួយចំនួន មិនត្រឹមតែយកមកបកស្រាយប្រាសចាកពីការពិតប៉ុណ្ណោះទេ ថែមទាំងយកមក ធ្វើជាមូលដ្ឋានក្នុងការពង្រីកវិសាលភាពជម្លោះនិងបង្កឱ្យមានភាពតានតឹង តាមរយៈការបណ្ដេញ ដោយខុសច្បាប់ប្រជាពលរដ្ឋខ្មែរចេញពីផ្ទះនិងដីដែលពួកគាត់បានរស់នៅនិងអាស្រ័យផលជាច្រើនទសវត្សរ៍មកហើយ។

ជាក់ស្ដែង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ គណនី Facebook Page ឈ្មោះ “Royal Thai Army: Update” បានបង្ហោះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដដែលនេះ ក្នុងគោលបំណង ធ្វើឱ្យមានការភាន់ច្រឡំថា ប្រធានក្រុមការងារវាសវែងចម្រុះកម្ពុជា-ថៃ (ឯកឧត្តម ឡាយ សៀងលី និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាកឌី) បានចុះហត្ថលេខាទទួលស្គាល់ព្រំដែនជាផ្លូវការ នៅតំបន់ភូមិ ព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលករណីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចេញសេចក្តីប្រកាសបដិសេធព័ត៌មាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។
លោកជំទាវ អាត សោភា ក៏បានគូសបញ្ជាក់ផងដែរថា បើទោះបីជាផ្អែកទៅលើខ្សែមិនផ្លូវការ ដែលគូសនៅលើផែនទីរូបភាពផ្កាយរណប ជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៤២ និងលេខ៤៣ និងចន្លោះបង្គោលព្រំដែនលេខ៤៤ ដល់បង្គោលលេខ៤៧ នេះក៏ដោយ ក៏អាច សង្កេតឃើញថា ការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជាវិញផងដែរ។
ដោយយោងទៅលើភាពស្មុគស្មាញនិងការលំបាកនៅក្នុងការដោះស្រាយបញ្ហាព្រំដែន លោកជំទាវ អ៊ាត សោភា បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការដោះស្រាយបញ្ហាទាំងនេះឱ្យបាន ហ្មត់ចត់ និងត្រឹមត្រូវ ព្រមទាំងទាមទារឱ្យគោរពទៅតាមកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ក្នុងន័យនេះ លោកជំទាវ បានស្នើឱ្យភាគីថៃចូលរួម ជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ
(GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុច ៨.១ ដែលភាគីទាំងពីរបានឯកភាពគ្នាបានយកម្ពុជា
បញ្ហានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ទៅពិភាក្សានៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ដោយចាត់ទុកថាជារបៀបវារៈអាទិភាព។

ជាមួយគ្នានេះ លោកជំទាវ អ៊ាត សោភា បានរំលឹកផងដែរថា កិច្ចប្រជុំពិសេសលើកទី១ក៏បាន ប្រគល់ភារកិច្ចឱ្យអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវសម្របសម្រួលគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់ សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មា- ធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តឥតងាករ របស់កម្ពុជាក្នុងការគោរពនិងអនុវត្តលក្ខខណ្ឌបទឈប់បាញ់ និងការព្រមព្រៀងទាំងឡាយដែលភាគី ទាំងពីរបានឯកភាពគ្នាកន្លងទៅនេះ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក (MOU 2000) ដែលជាសន្ធិសញ្ញារវាងប្រទេសទាំងពីរ។

ជាទីបញ្ចប់ លោកជំទាវ អ៊ាត សោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សមាជិក អង្គទូត ដែលមាននិវេសនដ្ឋានក្នុងនិងក្រៅប្រទេសកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ទាំងអស់ ដែលតែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះបទឈប់បាញ់រវាងកម្ពុជានិងថៃ និងជំរុញឱ្យភាគី ទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជៀសវាងការប្រើប្រាស់និងការគំរាម ប្រើប្រាស់កម្លាំង និងស្ដារឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងឱ្យបានឆាប់រហ័ស ដើម្បីជាឧត្តម ប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×