Friday, September 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍របស់នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជាបណ្តោយព្រំដែនកម្ពុជា-ថៃ!

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា បណ្ដោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥
បានថ្លែងជម្រាបជូនដល់មតិជាតិ អន្តរជាតិ ព្រមទាំងបងប្អូនជនរួមជាតិខ្មែរនៅក្នុងប្រទេស និងក្រៅ ប្រទេសទាំងអស់មេត្តាជ្រាបថា៖

នាយឧត្ដមសេនីយ៍ ញឹក ប៊ុនឆៃ បានថ្លែងបញ្ជាក់ថា ខ្ញុំបានស្គាល់ទីតាំងបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ ច្បាស់លាស់ចាប់ពីបង្គោលឡាក់លេខ៤១ នៅភូមិ ចំការគរ រហូតដល់បង្គោលឡាក់លេខ៤៩ នៅក្បែរស្ពានប៉ោយប៉ែត និងបង្គោលឡាក់មួយចំនួនទៀត ដូចខាង ក្រោមនេះ៖

១- ថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំបាននាំបងប្អូនខ្មែរយើងដែលរស់នៅក្នុងជំរុំជនភៀសខ្លួនខ្មែរថៃសាមាត្រ នៅស្រុកអារញ្ញប្រថេត ចំនួន១២នាក់ មកបោះទីតាំងនៅខាងមុខភូមិណងម៉ាកម៉ុនរបស់ថៃ ក្បែរបង្គោល ឡាក់លេខ៤៣ បង្កើតមូលដ្ឋានយោធាសេរីការជាតិ ដោយបានអញ្ជើញលោក គង់ ស៊ីលាស់ អតីតនាយ ទាហានជើងទឹកសម័យសាធារណរដ្ឋខ្មែរ មកពីប្រទេសបារាំងមកដឹកនាំចលនាសេរីការជាតិនេះ។

២- ថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៧៩ ខ្ញុំ និងលោក គង់ ស៊ីលាស់ បាននាំកម្លាំងយោធា ចំនួន៣០០នាក់ មកបង្កើតមូលដ្ឋានសេរីការជាតិមួយកន្លែងទៀត ស្ថិតនៅខាងមុខភូមិណងសាមិតរបស់ថៃ ស្ថិតនៅខាងលិច ប្រាសាទស្ដុកកក់ ក្បែរបង្គោលឡាក់លេខ៤២ ដែលមូលដ្ឋាននេះគេហៅថាជំរុំថ្មី ឬជំរុំ០០៧ឬជំរុំប្ញទ្ធីសែន។

៣- ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៧៩ ខ្ញុំ និងលោក គង់ ស៊ីលាស់ បាននាំកម្លាំងយោធា ចំនួន៤៥០នាក់ មកបង្កើតមូលដ្ឋានសេរីការជាតិមួយកន្លែងទៀត នៅខាងមុខភូមិគោកស៊ូងរបស់ថៃ ស្ថិតនៅចន្លោះបង្គោលឡាក់លេខ៤២ និងបង្គោលឡាក់លេខ៤៣ ដែលគេហៅថា ជំរុំគោកស៊ូង។ យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំជា ច្រើនគ្រាប់ដាក់មូលដ្ឋានគោកស៊ូងនេះ ធ្វើឱ្យប្រជាជនដែលមករង់ចាំបើកអង្ករ សម្ភារៈពីអង្គការអន្តរជាតិ (UN) ស្លាប់ប្រមាណ៦០នាក់ និងរងរបួសរាប់រយនាក់។

៤- ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៧៩ ខ្ញុំ និងលោក គង់ ស៊ីលាស់ បាននាំកម្លាំងយោធា ចំនួន៥០០នាក់ មកបង្កើតមូលដ្ឋានសេរីការជាតិមួយកន្លែងទៀត ដែលស្ថិតនៅខាងមុខភូមិណងចានរបស់ថៃ ដោយខ្ញុំបានដាក់ ពង្រាយកម្លាំងយោធាតាមបណ្ដោយមាត់អូរខាងកើត អូរប្ញស្សីស្រុកនេះ ហើយនាំលោក គង់ ស៊ីលាស់បោះ ទីតាំងនៅទួលព្រៃព្រះក្តៅ ដែលមានចម្ងាយប្រមាណជាង២គីឡូម៉ែត្រពី អូរឫស្សីស្រុក ជ្រៅទៅក្នុងដីខ្មែរ។

៥- យោធាថៃបានជីកទំនប់ និងប្រឡាយតាមបណ្ដោយព្រំដែនខ្មែរ-ថៃនេះ ពីបង្គោលឡាក់លេខ៤១ រហូតដល់ បង្គោលឡាក់លេខ៤៩។ តាមការសង្កេតរបស់ខ្ញុំផ្ទាល់ឃើញថា បញ្ហាព្រំដែនខ្មែរ-ថៃ នៅតំបន់ទាំងនេះ មានភាពមិនប្រក្រតីមួយចំនួន ដែលថៃបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។ ខ្ញុំសង្ឃឹមថា បញ្ហានេះ គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ គ្រប់លំដាប់ថ្នាក់ RBC, GBC, JBC អាចនឹងដោះស្រាយផ្តល់យុត្តិធម៌ ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាយើងនៅថ្ងៃអនាគត។

៦- ថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៨៣ ខ្ញុំ ញឹក ប៊ុនឆៃ បាននាំកងទ័ពចំនួន ៨០០នាក់ទៅបោះទីតាំងនៅមូលដ្ឋាន តាទុំ ក្បែរបង្គោលឡាក់លេខ៧ បង្គោលឡាក់លេខ៨ និងបង្គោលឡាក់លេខ៩ ហើយស្គាល់បង្គោលឡាក់ ទាំងនេះច្បាស់លាស់ណាស់។ ខ្ញុំ ញឹក ប៊ុនឆៃ ក៏បានស្គាល់បង្គោលឡាក់លេខ១២ បង្គោលឡាក់លេខ១៣ និងបង្គោលឡាក់លេខ១៤ នៅមូលដ្ឋានអូរស្មាច់ច្បាស់លាស់ហើយ និងបង្គោលឡាក់លេខ២១ ដែលស្ថិតនៅក្បែរប្រាសាទតាក្របី បង្គោលឡាក់លេខ២២ ស្ថិតនៅក្បែរតំណាក់សម្តេចព្រះ នរោត្តម សីហនុ ភូមិ សន្តិភាព ថ្មដូនផងដែរ។

សេចក្តីដូចបានរៀបរាប់ពាក់ព័ន្ធនឹងបង្គោលឡាក់ដូចខាងលើនេះ ខ្ញុំ ញឹក ប៊ុនឆៃ អាចជួយផ្ដល់យោបល់ ជូនគណៈកម្មាធិការព្រំដែនខ្មែរ-ថៃ RBC, GBC, JBC បាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើង បានគ្រប់ពេលវេលាចាំបាច់។
៧- តាមការសង្កេតរបស់ខ្ញុំ តាំងពីដើមមកយោធាថៃ បានរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់ផែនទីខ្នាត១/៥០.០០០ ដែលគូសដោយឯកតោភាគី មករំលោភយកទឹកដីកម្ពុជាជាច្រើនកន្លែង តាមបណ្ដោយព្រំដែនខ្មែរ-ថៃ ជាបន្តបន្ទាប់មករហូតពេលសព្វថ្ងៃនេះ។

ដើម្បីការពារបូរណភាពទឹកដី និងការពារទ្រព្យសម្បត្តិរបស់ប្រជាជនយើងពីការរំលោភបំពាន ដោយខុស ច្បាប់របស់កងយោធាថៃ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងក្នុងប្រទេស និងក្រៅប្រទេស ដូចតទៅនេះ៖
១- រួបរួមសាមគ្គីគ្នាជាធ្លុងមួយជួយគាំទ្រដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីតស៊ូប្រឆាំងនឹងការឈ្លានពានរបស់យោធាថ ក្នុងការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាយើង។

២- សូមធ្វើការអំពាវនាវដោយទទួចចំពោះមិត្តភក្តទាំងឡាយណាដែលធ្លាប់រួមរស់និងប្រឡូកជាមួយខ្ញុំក្នុង ចលនាសេរីកាជាតិ ទោះបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសក្តី ឬបានទៅតាំងទីលំនៅនៅបរទេសក្ដី ដែល ធ្លាប់បានដឹងឮនិងស្គាល់ច្បាស់ទីតាំងដែលធ្លាប់បានឈរជើងពីអតីតកាលនៅក្នុងតំបន់ទាំងនោះ ចូលរួមសហការផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ បើសឹននៅមាន ឬមានរូបថតផ្ទាល់ខ្លួនធ្លាប់បានថត ជាប់នឹងបង្គោលឡាក់ដូចបានរៀបរាប់ខាងលើ ដើម្បីរួមចំណែកជាកសិណសាក្សីរឹងមាំបន្ថែម។ មេត្តា

៣- សូមបងប្អូនជនរួមជាតិយើងទាំងនៅក្នុងប្រទេស និងក្រៅប្រទេសជួយឧបត្ថម្ភគាំទ្រដល់បងប្អូនវរកង ទ័ពយើង ដែលឈរជើងនៅតាមមូលដ្ឋាននានា នៅបណ្តោយព្រំដែនខ្មែរ-ថៃ តាមគ្រប់រូបភាព ដែលអាច ធ្វើបាន ដើម្បីយកជ័យជម្នះលើពួកចោរឈ្លានពានទឹកដីរបស់យើង៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×