ភ្នំពេញ ៖ កិច្ចព្រមព្រៀងនេះ មានចំនួន ១៨មាត្រា ដោយរៀបចំឡើងក្នុងគោលបំណងបង្កើតឱ្យមានអភិក្រមរួម និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធានាសុវត្ថិភាពម្ហូបអាហារនៅក្នុងខ្សែច្រវាក់ផលិតកម្ម ស្របតាមទស្សនវិស័យផែនការលម្អិត នៃសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងដើម្បីអនុវត្តគោលនយោបាយសុវត្ថិភាពម្ហូបអាហារអាស៊ាន និងក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន ដែលបានអនុម័តនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកកសិកម្មនិងរុក្ខាប្រមាញ់ និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំ រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន។
កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់កម្ពុជា និងបណ្តាសមាជិកអាស៊ាន រួមមាន (១) ធានាការពារសុខភាពអ្នកប្រើប្រាស់ (២) សម្រួលការធ្វើពាណិជ្ជកម្មធ្វើឱ្យមានលំហូរម្ហូបអាហារមានសុវត្ថិភាពដោយសេរីនៅក្នុងរដ្ឋសមាជិក (៣) ពង្រឹងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម (SMEs) របស់កម្ពុជា (៤) កាត់បន្ថយការខាតបង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលកើតឡើងមកពីម្ហូបអាហារគ្មានគុណភាពនិងសុវត្ថិភាព និង (៥) ជំរុញឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយសមធម៌ និងលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ : សុទ្ធលី







