ភ្នំពេញ ៖ពិធីសារនេះ មានចំនួន ២មាត្រា និងឧបសម្ព័ន្ធចំនួន ១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពលើតារាងសន្យាបម្លាស់ទីរូបវន្តបុគ្គល ក្រោមកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គលរបស់ប្រទេសសមាជិកអាស៊ាននីមួយៗឱ្យមានលក្ខណៈនិងទម្រង់រួមគ្នា ដែលនឹងបង្កឱ្យមានភាពងាយស្រួលក្នុងការស្វែងយល់ដោយសាធារណជនទូទៅ ហើយវាក៏នឹងរួមចំណែកបង្ហាញផងដែរ អំពីការប្តេជ្ញាចិត្តរបស់អាស៊ាន ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកការលុបបំបាត់ភាពរឹតត្បិតនានា ទៅលើបម្លាស់ទីឆ្លងកាត់ព្រំដែនជាបណ្តោះអាសន្ន នៃរូបវន្តបុគ្គលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការវិនិយោគ។
ពិធីសារនេះ នឹងផ្តល់អត្ថប្រយោជន៍មានដូចជា (១) សម្រួលដល់បម្លាស់ទីនិងលំហូរនៃបុគ្គលជំនាញ និងអ្នកចូលមកទស្សនកិច្ចក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលជាផ្នែកសំខាន់មួយរបស់ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ក្នុងការសម្រេចបាននូវការធ្វើសមាហរណកម្មសេដ្ឋកិច្ចខ្ពស់និងការផ្សារភ្ជាប់សេដ្ឋកិច្ចជាធ្លុងមួយ និង (២) ធ្វើឱ្យតារាងសន្យាបម្លាស់ទីរូបវន្តបុគ្គលកាន់តែមានលក្ខណៈសាមញ្ញ និងមានទម្រង់រួម ដែលបង្កភាពងាយស្រួលដល់សាធារណជន ជាពិសេសធុរជនក្នុងការស្វែងយល់អំពីការសន្យារបស់ប្រទេសសមាជិកនីមួយៗ ដើម្បីអាចទាញប្រយោជន៍ពេញលេញ៕ រក្សាសិទ្ធដោយ : សុទ្ធលី





