Friday, September 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា

ភ្នំពេញ ៖សេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិជនពិការក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់ជនមានពិការភាព ការជំរុញកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីធានាថា ជនមានពិការភាពទទួលបានដោយពេញលេញនូវសិទ្ធិមនុស្សនិងសេរីភាពជាសារវន្ត ការលើកស្ទួយការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរដែលមានពីកំណើត។ សេចក្តីព្រាងរបាយការណ៍នេះ បានបង្ហាញអំពីទិដ្ឋភាពទូទៅ វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលក្រសួង ស្ថាប័ននានា បានខិតខំប្រឹងប្រែងអនុវត្តនិងសម្រេចបានស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព យុទ្ធសាស្ត្រអ៊ីនឈាន់ «ធ្វើឱ្យសិទ្ធិក្លាយជាការពិត» ជាពិសេសគោលការណ៍នានាដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិជនពិការ សំដៅ (១) ការពារសិទ្ធិ សេរីភាព និងឧត្តមប្រយោជន៍របស់ជនមានពិការភាព រួមទាំងការពារផលប្រយោជន៍របស់ជនមានពិការភាព ដែលជាជនងាយរងគ្រោះក្នុងសហគមន៍ និងសង្គម (២) ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើងជនមានពិការភាព (៣) ស្តារលទ្ធភាពពលកម្មកាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈ ដើម្បីធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពរបស់ជនមានពិការភាពក្នុងសកម្មភាពនានារបស់សង្គម (៤) បង្កើនកិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធតុលាការក្នុងការដោះស្រាយបញ្ហាជនមានពិការភាពឱ្យស្របទៅនឹងអនុសញ្ញាស្តីពីសិទ្ធិជនពិការ និង (៥) បំពេញកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានា និងស្ថាប័នអន្តរជាតិផ្សេងៗ នៅក្នុងតំបន់ និងសកលលោក៕ រក្សាសិទ្ធដោយ : សុទ្ធលី

×