ភ្នំពេញ ៖ នៅល្ងាចថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ទីនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាថ្ងៃនេះ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិ និងបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលកំពុងបម្រើការងារ និងរស់នៅ
ក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឆ្នាំនេះជាឆ្នាំសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន និងមនុស្សជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកលឱ្យកាន់តែល្អហើយរួមគ្នាឆ្ពោះទៅរកសហគមន៍ជោគវាសនារួមសម្រាប់ឆ្នាំនេះក៏ជាឆ្នាំសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងចិននិងកម្ពុជា។
ឯកឧត្តមបានរំលឹកថា ឆ្នាំនេះ ឯកឧត្តមស៊ី ជីនភីង ប្រធានាធិបតីចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្ដងទៀត បន្ទាប់ពីរយៈពេល៩ ឆ្នាំ ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត តាមរយៈការកសាង សហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ជាមួយគ្នានោះ
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅប្រទេសចិន ជាបន្តបន្ទាប់ផងដែរ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេល៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានាប្រកបដោយជោគជ័យ ក្នុងដំណើរការកសាងប្រទេស។ ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេសយ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមានប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល រួមមាន៖ ការសម្រេចគោលដៅ១០០ ឆ្នាំទី១
នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២៤ ហើយសម្ដេចមានសុទិដ្ឋិនិយមថា មិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥នេះ និងគោលដៅ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយ នៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ សម្ដេចបានបង្ហាញក្តីរីករាយក្រៃលែង ដោយឃើញប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី























