ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ បានសបញ្ជាក់អំពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស លើសកលលោក រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដោយបាននិងកំពុងផ្តោតលើ ការអភិវឌ្ឍវិស័យទេសចរណ៍ដោយឈរលើគោលការណ៍ចីរភាព ភាពធន់ និងបរិយាបន្ន។ ក្នុងន័យនេះ រដ្ឋជាសមាជិកទាមទារឱ្យមានអភិបាលកិច្ចល្អ ការដាក់ចេញផែនការយុទ្ធសាស្ត្រ និងការកំណត់អាទិភាព សកម្មភាពការងារច្បាស់លាស់ ជាមួយនឹងការតាមដានវាយតម្លៃការអនុវត្តជាប់ជាប្រចាំ ឱ្យស្របតាមគោលដៅ ចីរភាពរយៈពេលវែង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជាការចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៥ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមធ្វើការអំពាវនាវដូចខាងក្រោម៖
១- ជំរុញនិងលើកទឹកចិត្តការវិនិយោគខ្នាតតូច មធ្យម និងធំទាំងឡាយណា ដោយឈរលើការគិតគូរ អំពីការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ របៀងជីវៈចម្រុះនានា និងបម្រែបម្រួលអាកាសធាតុ ក្រោមទម្រង់ ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន(4Ps: Public-Private. People Partnership)ដែលផ្ដល់ឱកាសឱ្យមាន ការចូលរួមពីប្រជាជនមូលដ្ឋាន ផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍អតិបរមាដល់ មូលដ្ឋាន គោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ ដែលការអភិវឌ្ឍបានជាផ្លែផ្កា ទៅគ្រប់ភាគីពាក់ព័ន្ធ ស្របតាមទស្សនាទាន «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស» ដើម្បីធានាការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន សម្រាប់ជាប្រយោជន៍ យូរអង្វែងរបស់ប្រជាជនជំនាន់ក្រោយនាពេលអនាគត។
២- ក្រសួងទេសចរណ៍ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តជំរុញ ឌីជីថលូបនីយកម្មនៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដើម្បីរក្សានូវភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់ និងសកលលោក ដោយជំរុញឱ្យមានការចូលរួមពីអាជីវកម្មទេសចរណ៍ខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSMEs)ផងដែរ។
៣- ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ត្រូវបង្កើនសមត្ថភាពអ្នកជំនាញ ទេសចរណ៍ ដើម្បីពង្រឹងឧត្តមភាពប្រកួតប្រជែង និងអាចឆ្លើយតបបានទៅនឹងទីផ្សារការងារ និងការវិវត្តន ឧស្សាហកម្មទេសចរណ៍ ដោយត្រូវគិតគូរអំពីសមភាពយេនឌ័រ យុវជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ ទេសចរណ៍ ដើម្បីរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់នឹងវិបត្តិ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ក្រសួងទេសចរណ៍ ជាពិសេសមហាគ្រួសារវិស័យទេសចរណ៍ ក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយឈរលើស្មារតីបុរសកម្ម សកម្ម និងអន្តរសកម្ម រវាងក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្នែកឯកជន ស្ថានឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍ ស្ថានឯកអគ្គរាជ ទូតកម្ពុជា/កុងស៊ុលកម្ពុជានៅបរទេស បណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន បងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ដែលជានិច្ចកាលបានចូលរួមគាំទ្រ សហការ និងផ្តល់កិច្ចសហប្រតិបត្តិការល្អ ស្អិតរមួត ស៊ីជម្រៅ និងប្រទាក់ក្រឡាគ្រប់ភាគីពាក់ព័ន្ធ ដែលបានប្រមូលផ្ដុំជាសហថាមពលទាំងផ្នែកសាធារណៈ វិស័យឯកជន ក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាពនិងបរិមាណ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យកម្ពុជាបន្តជាគោលដៅទេសចរណ៍ ប្រកបដោយ សុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម៕ រក្សាសិទ្ធដោយ៖សុទ្ធលី








